ភ្នំពេញ ៖ សមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ រដ្ឋធម្មនុញ្ញដែលមាន៣មាត្រា ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាឯកច្ឆ័នហើយនាព្រឹកថ្ងៃ២៥ តុលានេះ ។

ការអនុម័តសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៦ នៃរដ្ឋសភាក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានដោយមានការចូលរួមពីសមាជិកចំនួន១១១រូប ក្នុងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីផងដរ ។

យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៥មាត្រា៨២៥ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញ មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាដំណើរការជាប្រក្រតីស្ថាប័នជាតិថា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ។

សម្តេចតេជោបន្តថា ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែត្រូវបានកំណត់ឲ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្ដេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុង ការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ និងការការពារឧត្តមប្រយោជន៍ដែលជាអាយុជីវិតរបស់ជាតិនិងប្រជាជនកម្ពុជា។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ដែលមានការ ពាក់ព័ន្ធ ក៏បានតម្រូវឲ្យតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ ត្រូវតែមានសញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងសមាជិកក៏ត្រូវបានច្បាប់កំណត់ត្រូវតែមានសញ្ជាតិខ្មែរពីកំណើតនិងមានសញ្ជាតិខ្មែរតែមួយគត់ ។

សម្តេចគូសបញ្ជាក់ថា «ដើម្បីធានាឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្ត ស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា និងដោយយោងតាមមាត្រា១៥៣ ថ្មី(ពីរ) នៃធម្មនុញ្ញនៃកម្ពុជា សូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ពីមាត្រា៨២ថ្មី ត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះ ចូលទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឲ្យប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”»។

សេចក្តីព្រាងច្បាប់ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនាថ្ងៃ៨ តុលា ៕
