ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញ ខ្លួនលើទីផ្សារអន្តរជាតិ កាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារ គុណភាព សុវត្ថិភាព និងប្រកួតប្រជែង ។
ក្នុងជំនួបពិភាក្សា ការងារ ជាមួយ ក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន បានគាំទ្រ ចំពោះកម្មវត្ថុ វិនិយោគ លើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះ បាននិងកំពុង ត្រូវការអភិវឌ្ឍ លើអនុវិស័យសំខាន់ៗ មួយចំនួនដូចជាហេដ្ឋា រចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ លើសពីនេះវិស័យកែច្នៃ កសិផលនឹងត្រូវ បានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្ម ក្នុងស្រុក និងបង្កើនប្រាក់ចំណូល ។
លោកបញ្ជាក់ថា «សូមអំពាវនាវ ឲ្យវិស័យឯកជនចិន ចូលរួមវិនិយោគ ឲ្យបានពេញលេញ លើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញ កំណើនសេដ្ឋកិច្ច និងនិរន្តរភាព ផលិតកម្មកសិកម្ម ហើយសង្ឃឹមថាកសិផលកម្ពុជា នឹងមាន ឱកាសបង្ហាញខ្លួន នៅលើទីផ្សារអន្តរជាតិ កាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង»។
នាឱកាសនេះ លោកនាយកក្រុមហ៊ុន បានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែបញ្ហានៅត្រង់ថា មិនទាន់បានប្រើ បច្ចេកវិទ្យា ដើម្បីបង្កើន ផលិតភាព ផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុន បានអញ្ជើញ វិទ្យាស្ថានសំខាន់ៗ ចំនួនបីមកធ្វើការ សិក្សាស្រាវជ្រាវ ទាក់ទងដំណាំឈើហូបផ្លែតំបន់ត្រូពិច វិទ្យាស្ថានទាំងបីនោះគឺ៖ ១- វិទ្យាស្ថានស្រាវជ្រាវដំណាំ អនុតំបន់ត្រូពិចខាងត្បូង ២- វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម និងទី៣- Chinese Academy of Tropical Agricultural Science ។
ករណីនេះ លោកនាយកក្រុមហ៊ុន បានស្នើក្រសួងជួយពិនិត្យ ពិចារណាទីតាំងដី សម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន ។ លោកបញ្ជាក់បន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគ នឹងចាប់ផ្តើមជាជំហានៗ តាមផែនការដែលបានគ្រោងទុក។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីសិកម្មសន្យាថា នឹងផ្តល់កិច្ចសហការ ដោយមានអគ្គនាយកដ្ឋាន កសិកម្មជាសេនាធិការ របស់ក្រសួង ជាស្ថាប័នអនុវត្តផ្ទាល់ ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគ និងការបង្កើតវិទ្យាស្ថាន ស្រាវជ្រាវវិស័យកសិកម្មចម្រុះ ៕