ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ប្រាប់ WHOថា កម្ពុជាកែសម្រួលយុទ្ធសាស្ដ្រ ឆ្លើយតបកូវីដ ដើម្បីរៀនពីរបៀប រស់នៅជាមួយមេរោគ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានប្រាប់អង្គការសុខភាពពិភពលោក (WHO) កម្ពុជាកំពុង ស្ថិតក្នុងដំណាក់កាល កែសម្រួលយុទ្ធសាស្ដ្រ ឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីរៀនពីរបៀប រស់នៅជាមួយមេរោគ ។ នេះយោងតាមសេចក្ដី ជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំលើកទី៧២ នៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ម៉ម ប៊ុនហេង បានថ្លែងថា ដូចបណ្ដាប្រទេសដទៃទៀតដែរ វីរុសកូវីដ-១៩ នៅតែបន្តចរាចរនៅកម្ពុជា។

លោកបញ្ជាក់ថា «យើងកំពុងខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការចម្លងមេរោគ រួមជាមួយការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ។ ឥឡូវនេះ យើងកំពុងស្ថិតក្នុងដំណាក់កាល នៃការកែសម្រួលយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីរៀនពី របៀបរស់នៅជាមួយមេរោគ ខណៈអនុញ្ញាតឱ្យបើកដំណើរការសាលារៀន និងសេដ្ឋកិច្ចឡើងវិញ ដោយសុវត្ថិភាព»។

នាឱកាសនោះ លោករដ្ឋមន្ដ្រី ក៏បានចែករំលែកកត្តាសំខាន់ ចំនួន៤ ដែលរួមចំណែកដល់ភាពជោគជ័យ ក្នុងការឆ្លើយតបរបស់កម្ពុជា រួមមាន ៖ ទី១-ភាពជាអ្នកដឹកនាំក្នុងសម្រេចចិត្ត និងអភិក្រមការចូលរួមរបស់រាជរដ្ឋាភិបាលទាំងមូល ,ទី២-ការវិនិយោគលើសន្តិសុខសុខភាព និងប្រព័ន្ធសុខាភិបាល ,ទី៣-ការចូលរួមជាសាធារណៈ ការចូលរួមរបស់សហគមន៍ និងបុគ្គល និងទី៤-សាមគ្គីភាព និងភាពជាដៃគូ។

លោកក៏បានសង្គត់ធ្ងន់ថា កម្ពុជាគាំទ្រយ៉ាងពេញ ទំហឹងចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួល របស់អង្គការ សុខភាពពិភពលោកក្នុងការឆ្លើយតបជាសកល ទៅនឹងជំងឺកូវីដ-១៩៕

To Top