ព័ត៌មានជាតិ

ទាព្រៃស្លាបស គឺជាបក្សីព្រៃ កម្រនៅលើពិភពលោក ខណៈកំពុងមានវត្តមាន​តិចតួច នៅកម្ពុជា

ភ្នំពេញ ៖ លោក នេត្រ ភត្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងថា ទាព្រៃស្លាបស គឺជាបក្សីព្រៃកម្រ នៅលើពិភពលោក ហើយវត្តមានតិចតួចបំផុត នៅប្រទេសកម្ពុជា ដោយមានចន្លោះពី ២៥០-១០០០ក្បាលប៉ុណ្ណោះ ។

តាមរយៈគេហទំព័ហ្វេសប៊ុក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក នេត្រ ភត្ត្រា បានបញ្ជាក់ថា «កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ចំនួន៩ ក្នុងទ្វីបអាស៊ី ដែលមានវត្តមានទាព្រៃ ស្លាបសរស់នៅ ។ យោងតាមរបាយការណ៍សិក្សា ទាព្រៃស្លាប សមានចំនួនចន្លោះ ២៥០-១០០០ក្បាល នៅលើសាកលលោក និង មានវត្តមានតិចតួចរស់នៅ ក្នុងប្រទេសកម្ពុជា»។

លោក បានបន្ដថា ទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ជាប្រភេទ រងគ្រោះជិតផុតពូជ នៅលើសាកលលោក ពីព្រោះចំនួនរបស់ពួកវានៅបន្ត ធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការបាត់បង់ទីជម្រក ការរំខាននៅតាមដង ព្រែក និងការបរបាញ់ជាដើម ។

សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០១៧ ក្រុមអ្នកអភិរក្ស បានរកឃើញសំបុកទាព្រៃស្លាបស ស្ថិតនៅក្នុងប្រហោង ដើមគគីរ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិត នៅក្នុងដែនជម្រក សត្វព្រៃគូលែន ព្រហ្មទេព ភូមិសាស្ត្រខេត្តព្រះវិហារ ៕

To Top