ព័ត៌មានជាតិ

កិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ ២០២១ ឆ្នោះទៅរកតំបន់មួយប្រកបដោយវិបុលភាព រីកចម្រើន

ឆ្ពោះទៅរកចង្កោមសកម្មភាពនៃកិច្ចប្រជុំកំពូល អាស៊ាន គ្រោងនឹងប្រព្រឹត្តឡើងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ ខាងមុខ សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ បានរៀបចំកិច្ចប្រជុំជាច្រើនតាមប្រព័ន្ធវីដេអូសម្រាប់ពិនិត្យមើលឡើងវិញអំពីការងារត្រៀមរៀបចំ កម្មវិធីសកម្មភាព របៀបវារៈ ក៏ដូចជាសេចក្តីព្រាងពិធីសារទាំងឡាយដែលនឹងត្រូវបានដាក់ជូនក្រុមថ្នាក់ដឹកនាំកំពូលតំបន់។ ក្នុងចំណោមនោះ មានកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ (SOM) អាស៊ាន (ថ្ងៃទី ៣០ ខែ កញ្ញា) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ – សន្តិសុខ អាស៊ាន លើកទី ២៤  (APSC-24) ប្រព្រឹត្តឡើងកាលពីថ្ងៃទី ០៤ ខែ តុលា កន្លងទៅ …

នៅក្នុងកិច្ចប្រជុំទាំងនោះ តំណាងប្រទេសទាំងឡាយបានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើអាទិភាពនានារបស់ អាស៊ាន ក្នុងឆ្នាំ ២០២១ អះអាងបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រធាន ប្រ៊ុយណេ អំពីការបង្កើនកម្លាំងចម្រុះរបស់ អាស៊ាន ក្នុងការឆ្លើយតបជាមួយនឹងគ្រោះមហន្តរាយធម្មជាតិ (ខែលការពារ អាស៊ាន) ជំរុញលទ្ធិពហុភាគីនិយម កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចដែលពឹងផ្អែកលើសមុទ្រ។ ថ្នាក់ដឹកនាំនៃប្រទេសនានាក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកនិងកត់សម្គាល់ពីវឌ្ឍនភាពនៃការអនុវត្តលទ្ធផលរបស់ អាស៊ាន ២០២០។ ក្នុងចំណោមនោះ មានការពិនិត្យមើលឡើងវិញអំពីការងារអនុវត្តធម្មនុញ្ញ អាស៊ាន កសាងចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់។ល។

គំនិតផ្តួចផ្តើមទាំងឡាយដែលបានស្នើឡើងក្នុងឆ្នាំ ២០២០ ឆ្នាំដែលប្រទេស វៀតណាម ជាប្រធាន អាស៊ាន ត្រូវបានវាយតម្លៃខ្ពស់និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកដើម្បីអនុវត្តបន្ត។ ជាពិសេស ចំពោះគំនិតផ្តួចផ្តើម របស់ វៀតណាម អំពីការបង្កើតឃ្លាំងបម្រុងសម្ភារៈវេជ្ជសាស្ត្រ អាស៊ាន និងមូលនិធិ អាស៊ាន សម្រាប់ឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ អង្គប្រជុំអបអរសាទរចំពោះការណ៍ដែល អាស៊ាន បានផ្ទេរទឹកប្រាក់ជំនួយមនុស្សធម៌លើកដំបូង រួមទាំងគ្រឿងបរិក្ខារពេទ្យដែលមានតម្លៃចំនួន ១,១ លានដុល្លារ អាម៉េរិក អោយសមាគមកាកបាទក្រហម មីយ៉ាន់ម៉ា (ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១)។ ក្នុងពេលជាមួយគ្នានេះដែរ អាស៊ាន នឹងប្រើថវិកាចំនួន ១០,៥ លានដុល្លារ អាម៉េរិក ពីមូលនិធិកូវីដ -១៩ សម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ឡូវ៉ាក់សាំងដំបូងក្នុងត្រីមាសទី ៤ ឆ្នាំ ២០២១ ឬត្រីមាសទី ១ ឆ្នាំ ២០២២។ ក្នុងស្មារតីស្រឡាញ់រាប់អាន ជួយគ្នាទៅវិញទៅមក អាស៊ាន នឹងចែករំលែកវ៉ាក់សាំងរវាងប្រទេសជាសមាជិក អរគុណប្រទេស សិង្ហបុរី ចែករំលែកចំណែកវ៉ាក់សាំងដែលខ្លួនត្រូវបានបែងចែកអោយបណ្ដាប្រទេសជាសមាជិកវិញ។ ប្រទេសទាំងឡាយសន្យាបន្តចូលរួមវិភាគទានអោយឃ្លាំងបម្រុងសម្ភារៈវេជ្ជសាស្ត្រ អាស៊ាន ហើយឆាប់ចេញសេចក្តីសម្រេចអំពីការបង្កើត ដាក់អោយដំណើរការមជ្ឈមណ្ឌល អាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតឡើង (ACPHEED)។

ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីក្នុងតំបន់ អាស៊ាន កំពុងខិតខំប្រឹងប្រែងម្ចាស់ការក្នុងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង ប្រទេសវៀតណាម ស្នើអោយ អាស៊ាន លើកបង្កើនសមត្ថភាពឈានឡើងអភិវឌ្ឍន៍វ៉ាក់សាំង ដោយពឹងផ្អែកលើខ្លួនឯងឆ្លងតាមរយៈការកសាងខ្សែចង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងក្នុងតំបន់។ ទន្ទឹមនឹងនោះ ប្រទេសនានាបានផ្ដល់សច្ចាប័នសម្រាប់ដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អាស៊ាន អនុម័តឆ្លងផែនការច្រករបៀងធ្វើដំណើរទៅមកក្នុង អាស៊ាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញដ៏ចាំបាច់ ក៏ដូចជាការធ្វើដំណើរទៅមកធម្មតាក្នុងតំបន់ អាស៊ាន។

អង្គប្រជុំបានគាំទ្រផែនការរៀបចំវេទិកា អាស៊ាន កំពូលអំពីកិច្ចសហប្រតិបត្តិការអនុតំបន់ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនបរិយាប័ន្ននៅក្នុងតំបន់ដែលបានស្នើដោយប្រទេស វៀតណាម កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអនុតំបន់រួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងបង្រួមគម្លាតអភិវឌ្ឍន៍ អភិវឌ្ឍប្រកបដោយចីរភាពនិងដំណើរការកសាងសហគមន៍ អាស៊ាន។

ប្រទេសទាំងឡាយក៏បានពិភាក្សាអំពីស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើត ស្ថានការណ៍នៅ មីយ៉ាន់ម៉ា និងបញ្ហានានាដែលជាចំណាប់អារម្មណ៍និងកង្វល់រួម។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង ក្រុមមេដឹកនាំបានសង្កត់ធ្ងន់លើគោលជំហរជាគោលការណ៍របស់ អាស៊ាន តម្រូវការពង្រីកស្មារតីទទួលខុសត្រូវនិងសំឡេងរួមក្នុងបញ្ហាទាំងឡាយទាក់ទងនឹងសន្តិភាពសន្តិសុខ ស្ថិរភាពក្នុងតំបន់ ដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ការចរចាកសាងក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ប្រកបដោយប្រសិទ្ធភាព ធាតុពិតជាក់ស្តែង សមស្របជាមួយច្បាប់អន្តរជាតិ។

ក្នុង​ការ​កសាង​សហគមន៍ ប្រទេស​ទាំងឡាយក្នុង អាស៊ាន លើកស្ទួយជាពិសេស​ពីលើការប្រកាន់ខ្ជាប់​សាមគ្គីភាព និង​ឯកភាព។ ប្រទេសសមាជិកទាំងអស់សុទ្ធតែចាត់ទុកថា នេះជាកត្តាកន្លឹះ ធានានូវភាពជោគជ័យនៃដំណើរការកសាងសហគមន៍និងពង្រីកតួនាទីមជ្ឈភាពរបស់ អាស៊ាន នៅក្នុងតំបន់។

ពិភាក្សាអំពីទំនាក់ទំនងការបរទេស ប្រទេសនានាបានបង្ហាញឯកច្ឆ័ន្ទថា ត្រូវបន្តលើកទឹកចិត្តដៃគូទាំង ឡាយអោយចូលរួមកសាងសម្រាប់គោលដៅរួមគឺសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ គាំទ្រតួនាទីមជ្ឈភាពរបស់ អាស៊ាន​ ចូលរួមកិច្ចសហប្រតិបត្តិការតំបន់ឆ្លងតាមរយៈយន្តការផ្សេងៗ ដែលដឹកនាំដោយអាស៊ាន រួមចំណែកក្នុងការកសាងនិម្មាបនកម្មតំបន់ដែលបើកចំហ បរិយាប័ន្ន តម្លាភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិ។

ចែករំលែកអំពីបញ្ហាប្រឈមផ្សេងៗ ដែលកំពុងដាក់ចេញអោយ អាស៊ាន និងតំបន់ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស វៀតណាម យល់ឃើញថា ការប្រកួតប្រជែងកាន់តែខ្លាំងក្លានិងស៊ីជម្រៅរវាងបណ្ដាប្រទេសមហាអំណាចកំពុងជះផលរំខានយ៉ាងធំធេងចំពោះតំបន់ ហើយសង្កត់ធ្ងន់ថា ​អាស៊ាន គួរតែតាមដានយ៉ាងដិតដល់នូវដំណើរវិវត្ត ប្រកាន់ខ្ជាប់សាមគ្គីភាព រឹងមាំនិងឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង ហើយរក្សាយ៉ាងរឹងមាំតួនាទីមជ្ឈភាពនិងភាពឯករាជ្យរបស់ អាស៊ាន។

វៀតណាម ក៏លើកជាសំណើអោយ អាស៊ាន ប្រកាន់ខ្ជាប់វិធីភ្ជាប់ខ្លួនសមហេតុផល មានផលប្រយោជន៍ទៅវិញទៅមក ដើម្បីរក្សាយ៉ាងមាំគោលជំហរជាគោលការណ៍ចំពោះបញ្ហានានាដែលប៉ះពាល់ដល់សន្តិភាព សន្តិសុខតំបន់ផង លើកទឹកចិត្តដៃគូទាំងឡាយអោយចូលរួមយ៉ាងសកម្មក្នុងយន្តការផ្សេងៗ ដែលដឹកនាំដោយ អាស៊ាន ដើម្បីជំរុញកិច្ចសន្ទនានិងទំនុកទុកចិត្ត ដោះស្រាយបញ្ហាជាចំណាប់អារម្មណ៍និងកង្វល់រួមទៀតផង។

កិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តឡើងនាពេលខាងមុខគឺជាជំហានអភិវឌ្ឍថ្មីដ៏មានសារសំខាន់មួយសម្រាប់ការកសាងសហគមន៍ ឆ្លើយតបជាមួយនឹងជំងឺរាតត្បាត ជាការបោះជំហានទៅមុខរបស់ អាស៊ាន ក្នុងដំណើរការស្តារឡើងវិញក្រោយសម័យកាលជំងឺរាតត្បាតសកល។ ទន្ទឹមនឹងនោះ កិច្ចប្រជុំទាំងនោះក៏ជាការបញ្ជាក់អំពីស្មារតីសាមគ្គីភាពរបស់ អាស៊ាន ឆ្ពោះទៅការកសាងនិម្មាបនកម្មតំបន់មួយដែលបើកចំហ តម្លាភាព ដំណើរការដោយពឹងផ្អែកលើច្បាប់ទម្លាប់និងយកការផ្លាស់ប្តូរយោបល់ ការសន្ទនានិងកិច្ចសហប្រតិបត្តិការធ្វើជាឧបករណ៍ចម្បងក្នុងទំនាក់ទំនងរវាងប្រទេសជាតិនីមួយៗ។

ដោយមានការត្រៀមរៀបចំយ៉ាងមធ្យ័ត ហ្មត់ចត់ ខ្លឹមសារទាំងឡាយនៃកិច្ចប្រជុំកំពូល អាស៊ាន នាពេលខាងមុខ ត្រូវបានរំពឹងថានឹងប្រកាន់ខ្ជាប់សាមគ្គីភាព ឯកភាព និងតួនាទីមជ្ឈភាពរបស់ អាស៊ាន ពង្រីកសំឡេងរួមរបស់ អាស៊ាន ក្នុងបញ្ហានានាដែលជាប់ពាក់ព័ន្ធដល់សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ដូចប្រធានបទដែលបាន​ស្នើ​ឡើង​ដោយប្រទេសប្រធាន ​ប្រ៊ុយណេ “យើងទាំងអស់គ្នាមានចំណាប់អារម្មណ៍ យើងទាំងអស់គ្នា​បានត្រៀម​ខ្លួន​ជាស្រេចហើយ យើងទាំងអស់គ្នា​នឹងមានវិបុលភាព” ៕

មានសម្បត្តិ សោយសុខ

អគ្គលេខាធិការ អាស៊ាន Lim Jock Hoi និងតំណាងប្រទេសទាំងឡាយអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន ប្រារព្ធឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ០៤ ខែ តុលា ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
To Top