នយោបាយ

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ អភិក្រមប្រែក្លាយវិបត្តិ ទៅជាកាលានុវត្តភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់នូវអភិក្រម នៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញ និងជំរុញការអនុវត្ត នូវគោលនយោបាយ និងវិធានការសំខាន់ៗ ជាច្រើន។

ក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ «កសាងអនាគតឌីជីថល ប្រកបដោយចីរភាពរបស់យើង» នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមជម្រាបអង្គវេទិកាទាំងមូលថា ក្នុងស្មារតី បុរេសកម្ម សំដៅលើកកម្ពស់ការចូលរួម របស់វិស័យឯកជន ក្នុងការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល ប្រកាន់ភ្ជាប់នូវអភិក្រម នៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញ និងជំរុញការអនុវត្តនូវ គោលនយោបាយ និងវិធានការសំខាន់ៗ រួមមាន ៖ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥ និងច្បាប់ស្តីពី វិនិយោគថ្មី, ព្រមជាមួយនឹងការបញ្ចប់នូវ ច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ»។

សម្ដេចតេជោ បានបន្ដថា ជាងនេះទៅទៀត ចំពោះការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងការពង្រឹងការ អនុវត្តទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានសុខាភិបាល ដើម្បីការពារសុខភាពនិងអាយុជីវិត ប្រជាជន គិតត្រឹមថ្ងៃទី ២១ ខែតុលា ២០២១ រាជរដ្ឋាភិបាល សម្រេចការចាក់វ៉ាក់សាំងបាន ជាង ១៣,៦ លាននាក់ សមមូលនឹងអត្រា ៨៥,២៧% នៃចំនួនប្រជាជនសរុប ១៦ លាននាក់។

សម្ដេចតេជោ បានបន្ថែមថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានកំពុងជំរុញការបើកដំណើរ ការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ឱ្យបានពេលលេញក្នុងបរិបទ នៃប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី» នៅចុងឆ្នាំ២០២១។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កម្ពុជានឹងផ្ដល់ការគាំទ្រ និងជួយសម្រួលគ្រប់បែបយ៉ាង ដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដើម្បីឈាន សម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ។ ទន្ទឹមនេះ កម្ពុជានឹងបន្តជំរុញដំណើរ ការកសាងសហគមន៍អាស៊ាន ការធ្វើពាណិជ្ជកម្ម និងវិនិយោគ និង កិច្ចសហប្រតិបត្តិការ ជាមួយនឹងដៃគូ សំដៅស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ាន ឱ្យទៅជាតំបន់ ដែលមានសុខសន្តិភាព ភាពធន់ និងការអភិវឌ្ឍ ៕

To Top