ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៨-៣៩ និងប្រជុំកំពូលពាក់ព័ន្ធ នៅព្រុយណេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ការចូលរួមនេះ ធ្វើឡើងតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម ។

អញ្ជើញអម សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនផងដែរ។

ក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំ ដូចជា ៖ ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ ,កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ ,កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ ,កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ,កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១ ,កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ ,កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ ,កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

ដោយឡែក នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ ផងដែរ នៅក្នុងពិធីបិទ ក្រោយព្រុយណេប្រគល់តំណែង ប្រធានអាស៊ានឆ្នាំ២០២២ ជូនកម្ពុជា ៕

To Top