ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាគាំទ្រវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹង ទៅជាថាមពលឥន្ទនៈចំហេះ ពីសំរាម (RDF) នៅកម្ពុជា។នេះបយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។
ក្នុងជំនួបទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ បានវាយតម្លៃខ្ពស់លើទំនាក់ទំនងរវាង ក្រសួងបរិស្ថាន និងGGGI លើកិច្ចសហការកន្លងមក ដែលកម្ពុជាបានទទួលផលប្រយោជន៍លើកិច្ចសហការនេះ និងបន្តកិច្ចសហការជាមួយ GGGI នៅពេលខាងមុខ។
លោក បានបញ្ជាក់ថា វឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យបរិស្ថាន ដូចជា ការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំណងល់រឹង ការបង្កើនថាមពលពន្លឺព្រះអាទិត្យក្នុងថាមពលចម្រុះ ដោយបង្កើនការគិតគូរពីប្រភពថាមពលស្អាតនិងថាមពលកកើតឡើងវិញ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លទ្ធភាពនៃការទាញយកសំណល់ទៅជាថាមពល និងការតាំងចិត្តរបស់កម្ពុជា ក្នុងការធ្វើឲ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពបៃតងជាងមុន បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះដែរ ក៏បានទទួលលទ្ធផលសំខាន់ៗ ដូចជា ៖
១-ភាគីកម្ពុជាស្នើសុំឲ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍ រថយន្តដឹកសំរាម និងឡការដុតសំណល់ជាដើម។
២-កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) នៅកម្ពុជា។
៣-ភាគីកម្ពុជា និង GGGI ឯកភាពគ្នាការរៀបចំក្រុងអោយកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា។
៤-កម្ពុជា និងGGGI ឯកភាពគ្នាក្នុងការស្វែងរកឱកាសនៃទីផ្សារកាបូនសម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពលដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប៕