ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកជាសំណួរថា ក្នុងឱកាសយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត ថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិ នាឆ្នាំ២០២២-២០២៣ ខាងមុខនេះ តើគ្រប់អ្នកគាំទ្រ សមាជិក និងថ្នាក់ដឹកនាំបក្សនីមួយៗ គួរពាក់មួកសុវត្ថិភាព សញ្ញាគណបក្ស? ។ នេះជាការបង្ហាញ ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ២៧ តុលា ។

លោក សយ សុភាពបន្តថា ច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឲ្យពាក់មួកសុវត្ថភាព ពេលជិះម៉ូតូ លើទ្រូងផ្លូវ ។ ដោយឡែក តាមការជាក់ស្តែង គ្រប់គណបក្សនយោបាយខ្មែរ ទាំងអស់ មិនដែលពាក់មួក សុវត្ថភាពម្តងណាទេ ពេលហែគណបក្ស នៅពេលយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ។
លោកថា តើនេះអាចចាត់ទុកថា មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកដែរឬទេ?។

លោកលើកឡើងបែបនេះ ដោយបានទាញភ្ជាប់ករណីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ ទៅបង់ផាកពិន័យ ក្រោយជិះម៉ូតូអត់បានពាក់ មួកសុវត្ថិភាពពេល ចុះពិនិត្យស្ថានភាពទឹក ។

លោកបន្តថា ឥឡូវនេះ គេបានកត់សំគាល់ថា ចៅហ្វាយក្រុង មេនគរបាល ក្រុង អត់ពាក់មួកសុវត្ថភាព ពេលជិះម៉ូតូទៅពិនិត្យ មើលស្ថានភាពជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោត ហើយលោកធំទាំង២បានទៅបង់ប្រាក់ ពិន័យនៅការិយាល័យ នគរបាលចរាចរណ៍ក្រុង ។ នេះជាទិដ្ឋភាពគំរូមួយ គួរឲ្យកោតសរសើរ៕
