ភ្នំពេញ ៖ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា រថយន្តគ្មានពន្ធ ដែលមានស្រាប់នៅក្នុងស្រុក ត្រូវរូតរះមកបង់ពន្ធ តាមការកំណត់ បើពុំដូច្នេះទេ ទោះបង់ក្នុងពេលផុតកំណត់ ក៏ត្រូវរងការផាកពិន័យកាន់តែខ្ពស់ ខណៈរថយន្តចង្កូតស្តាំ ត្រូវកំទេចចោល ឬបង្វែរជាគ្រឿងបន្លាស នៅពេលមិនព្រមប្តូរ ចង្កូតតាមការណែនាំ ។
នេះជាការលើកឡើង របស់លោក ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព នៃការអនុវត្តការប្រមូលពន្ធ លើយានយន្ត គ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រពន្ធ Zoom ។
លោក គុណ ញឹម បានឲ្យដឹងថា ក្នុងរង្វង់រថយន្តគ្មានពន្ធ ប្រមាណ១ម៉ឺនគ្រឿង ដែលមានស្រាប់ក្នុងស្រុក ដែលកំពុងប្រើប្រាស់ ស្លាកលេខ ខ.ម ឬ ន.ប និងស្លាកលេខស៊ីវិល (មិនត្រឹមត្រូវ) ទាំងអស់រួមទាំង រថយន្តចង្កូតឆ្វេង និងចង្កូតស្តាំដែលត្រូវបានអនុគ្រោះ និងយោគយល់ពីរាជរដ្ឋាភិបាល ឲ្យចូលមកបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិគយ ត្រូវមកបង់ពន្ធឲ្យ បានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ យ៉ាងណាមិញអគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ចំពោះការបង់ពន្ធ ក្រោយថ្ងៃទី៣១ធ្នូនេះ មិនមានការបន្ធូរបន្ថយ១០% និងពន្ធអាករអ្វីទាំងអស់ សម្រាប់រថយន្តចង្កូតឆ្វេង (លើកលែងចង្កូតស្តាំនៅបន្ត១០%) សម្រាប់ឱសានវាទចុងក្រោយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពោលពីថ្ងៃទី១ កក្កដាទៅ សម្រាប់រថយន្តចង្កូតឆ្វេង នឹងទទួលរងការផាកពិន័យធ្ងន់ធ្ងរ ដោយឡែករថយន្តចង្កូតស្តាំ ត្រូវបង្វែជាគ្រឿងបន្លាស ឬកំទេចចោលតែម្តង ។
លោក គុណ ញឹម លើកឡើងថា “យុទ្ធនាការរបស់យើងសរុបថា ពីពេលចាប់ផ្តើមរហូតទៅដល់ឱសានវាទចុងក្រោយ ប្រហែលជា៩ខែទៀត ឬថាជិត១០ខែ ព្រោះឱសានវាទចុងក្រោយដែលម្ចាស់យានយន្ត រថយន្តចង្កូតស្តាំទាំងឆ្វេងដែលត្រូវចូលមកបង់ពន្ធឲ្យបានរួចរាល់នេះ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះជាឱសានវាទចប់ចុងក្រោយតែម្តង ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ទៅ គឺជាពេលវេលា ដែលស្ថាប័នគយ ត្រូវអនុវត្តយុទ្ធនាការ បង្ក្រាបយ៉ាងសកម្មហើយ និងម៉ឹងម៉ាត់លើ រថយន្តគ្មានពន្ធក្នុងប្រទេស ។ ខ្ញុំបានជម្រាបជូន លើកមុនហើយ ក្រៅពីបង់ពន្ធអាករមានការពិន័យថែមទៀត ។ ចំពោះរថយន្តចង្កូតស្តាំ តែកាលណាបង្ក្រាបបាន គឺថា មានតែដោះជាគ្រឿងបន្លាស ឬមួយក៏កំទេចចោល ព្រោះជារថយន្តខុសច្បាប់ មិនឲ្យនាំចូល និងធ្វើចរាចរណ៍នៅកម្ពុជា យោងតាមច្បាប់ចរាចរណ៍ ផ្លូវគោករបស់យើង” ។
អគ្គនាយកដ្ឋានគយ រំពឹងថា “ម្ចាស់រថយន្តនឹង ចូលមកបំពេញកាតព្វកិច្ចបង់ពន្ធនេះ បានហូរហែរ ហើយជាពិសេស ដើម្បីទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធ១០%នោះ សម្រាប់ម្ចាស់រថយន្តចង្កូតឆ្វេង ត្រូវនាំរថយន្តមកបង់ពន្ធ ឲ្យបានត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ចឹងនៅសល់២ខែជាង ឬគាត់អាច ទទួលបាន ការអនុគ្រោះ១០% នៃប្រាក់ពន្ធអាករសរុប ។ ចាប់ពីថ្ងៃទី១ខែមករាទៅ គាត់នៅតែអាច ចូលមកបង់ពន្ធបាន ដោយមិនមានការពិន័យអ្វីនោះទេ ប៉ុន្តែត្រូវបង់ពន្ធពេញ មិនមានការបន្ធូរបន្ថយ ១០%នោះទេ ហើយនេះជាគោលការណ៍ ដែលយើងទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ។
លោក គុណ ញឹម ក៏បានឲ្យដឹងថែមទៀតថា “មុននឹងមានគោលការណ៍ នឹងបើកយុទ្ធនាការនេះ ក្នុងមួយថ្ងៃៗ គឺមានការលួចនាំចូលរថយន្តចង្កូតស្តាំ ពីប្រទេសថៃ ក្នុងរង្វង់១០គ្រឿង តាមច្រករបៀង ។ បន្ទាប់ពីរាជរដ្ឋាភិបាល ចេញគោលការណ៍ ជាពិសេសេ ដាក់បញ្ញត្តិតឹងរឹង ចំពោះរថយន្តកង្កូតស្តាំ ហើយមានគម្រោងផែនការ ក្នុងការបង្ក្រាបយ៉ាងតឹងរឹងនិងដាច់ខាត ចំពោះរថយន្តចង្កូតស្តាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ បើសិនជាចាប់បានរថយន្តចង្កូតស្តាំ នឹងមានតែជម្រើសពីរ ១កំទេចចោល ហើយ២ បំលែងបង្វែរឲ្យទៅជាគ្រឿងបន្លាស” ។
ជាងនេះទៅទៀត លោកបញ្ជាក់ថា “ការលួចនាំចូលរថយន្តចង្កូរស្តាំ ពីប្រទេសជិតខាង ជាពិសេសគឺប្រទេសថៃនេះ គឺថាអត់មានតទៅទៀត គឺប្រចាំថ្ងៃយើងបានព័ត៌មានពីបណ្តាញសម្ងាត់របស់យើង គឺមានសូន្យតែម្តង ។ រថយន្តគឺអត់មាននាំចូលមកទៀតទេ ។ និយាយឲ្យខ្លី ទីផ្សាររថយន្តចង្កូត ស្តាំនៅស្រុកយើង វាស្រុញទៅដល់សូន្យ” ៕