ព័ត៌មានជាតិ

គម្រោងគាំទ្រ សហគមន៍នេសាទ ជុំវិញបឹងទន្លេសាប និងតំបន់ឆ្នេរ ត្រូវបានចាប់ផ្តើមអនុវត្ត

ភ្នំពេញ ៖ ប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងអង្គការ WCS, Oxfam, Aide et Action, និង Save the Children បានប្រកាសជាផ្លូវការ ពីការ ចាប់ផ្តើមអនុវត្តគម្រោង ចំនួន៤ ដែលទទួលបានថវិកា ពីសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ ការផ្ដល់សេវា សង្គម និងការការពារធនធានធម្មជាតិ ឱ្យរឹតតែប្រសើរ សម្រាប់សហគមន៍ នេសាទក្នុងខេត្តចំនួន ១០ ដែលស្ថិតនៅតំបន់ឋបនីយជីវមណ្ឌល បឹងទន្លេសាប និងតំបន់ឆ្នេរ ។

ក្នុងសិក្ខាសាលាប្រកាស ចាប់ផ្តើមគម្រោង ដែលធ្វើឡើងរួមគ្នា តាមប្រព័ន្ធអនឡាញ នាថ្ងៃទី២៧ តុលា ប្រធានទទួលបន្ទុកកិច្ច សហប្រតិបត្តិការ នៃប្រតិភូ សហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា លោក Bryan Fornari មានប្រសាសន៍ថា «កម្មវិធី CAPFISH គឺជាកម្មវិធីទ្វេភាគីធំ ជាងគេដំបូង បង្អស់ របស់សហភាពអឺរ៉ុប នៅកម្ពុជា ដែលមានគោលដៅ ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយ បរិយាប័ន្ន ចីរភាព និងធន់ទៅនឹងបម្រែបម្រួល អាកាសធាតុ សម្រាប់វិស័យជលផល»។

លោក បានបន្ដថា តាមរយៈការសហការ ជាមួយនឹងរដ្ឋបាលជលផល ព្រមទាំងដៃគូរ អនុវត្តរបស់យើង ការប្រកាសចាប់ផ្ដើមអនុវត្ត គម្រោងទាំងបួន នៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ការស្ដារឡើងវិញពីជំងឺកូវីដ-១៩ នៅក្នុងតំបន់នេះ តាមរយៈការនាំមកនូវ ឱកាសសេដ្ឋកិច្ចថ្មីៗ និងការកសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋ ជាងប្រាំម៉ឺន (៥០.០០០) គ្រួសារ ។ ភាពជាដៃគូរបស់យើង ជាមួយនឹងរដ្ឋបាលជលផល នឹងជួយឱ្យយើង អាចសម្រេចគោលដៅនេះបាន” ។
ដោយឡែក លោក ពុំ សុថា អគ្គនាយក នៃរដ្ឋបាលជលផល បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ សូមសម្ដែងនូវសេចក្ដីថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់ ចំពោះសហភាព អឺរ៉ុប ដែលបានផ្ដល់ការឧបត្ថម្ភ ដល់កម្មវិធីធំបំផុត ដែលមិនធ្លាប់ មានសម្រាប់អភិវឌ្ឍ វិស័យជលផល នៅកម្ពុជា»។

ជាមួយគ្នានេះដែរ លោក វន សម្ផស្ស នាយកប្រចាំប្រទេស នៃអង្គការ Aide et Action Cambodia បានលើកឡើងថា ភាពជាដៃគូ CO-SAVED Cambodia មានការចូលរួមពីតួអង្គ ពាក់ព័ន្ធចម្រុះ ដូចជា វិស័យឯកជន រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីជំរុញឲ្យមានវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក បានបញ្ជាក់ថា «យើងប្ដេជ្ញាផ្តល់សិទ្ធិអំណាច ដល់ប្រជាពលរដ្ឋកម្ពុជា ចំនួន ៣៨២.៦៥០នាក់ ដែលរស់នៅក្នុងសហគមន៍តាមតំបន់ឆ្នេរក្នុង ការបង្កើតភាពជាដៃ គូយូរអង្វែង ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ចបៃតង ប្រកបដោយបរិយាប័ន្ន ការផ្តល់សេវាអប់រំ ទឹកស្អាត និងអនាម័យប្រកបដោយគុណភាព និងការមានជីវភាពរស់នៅប្រកបដោយចីរភាព»។

បណ្ឌិត កែន សិរីរដ្ឋា នាយកប្រចាំប្រទេស នៃអង្គការអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងថា «គម្រោងទន្លេសាប របស់យើង មានសារៈសំខាន់ សម្រាប់ជីវចម្រុះ ធនធានជលផល មុខរបរចិញ្ចឹមជីវិត សុខុមាលភាព និងវប្បធម៌ ប៉ុន្តែបឹងរបស់យើង កំពុងបាត់បង់រូបរាងយ៉ាងឆាប់រហ័ស ដោយសារតែការប្រែប្រួលអាកាសធាតុ ការសាងសង់ទំនប់វារីអគ្គិសនី និងការបង្វែរទឹកពីតាមដៃទន្លេសម្រាប់ ប្រព័ន្ធស្រោចស្រពក្នុងវិស័យកសិកម្ម។ យើងត្រូវចាប់យកឱកាស ដើម្បីកសាងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី សហគមន៍ និងជីវៈចម្រុះ ដើម្បីបញ្ចៀសគ្រោះមន្តរាយមកលើមនុស្ស និងប្រព័ន្ធអេកូឡូស៊ី»។

សូមបញ្ជាក់ថា សាវតារនៃគម្រោងទាំង៤ រួមមាន ៖ អង្គការ Save the Children (REDD BARNA) មានគាំទ្រថវិកា ៤លានអឺរ៉ូ ពីEU, អង្គការ Oxfam ជាមួយនឹងជំនួយថវិកា ៤លានអឺរ៉ូ ពីEU, អង្គការ Aide et Action Association ជាមួយនឹងថវិកា ចំនួន៤លានអឺរ៉ូ ពីEU, អង្គការអភិរក្សសត្វព្រៃ (WCS) ក្រសួងបរិស្ថាន និងដៃគូ ទទួលជំនួយថវិកា ៤,៩លានអឺរ៉ូ ពីEU៕

To Top