ព័ត៌មានជាតិ

អតិថិជនដាក់ប្រាក់ សន្សំតាមគ្រឹះស្ថានធនាគារ កើនឡើង គិតត្រឹមចុងខែកញ្ញា មានបញ្ជើជាង៣៧ ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នការដាក់ប្រាក់សន្សំតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កើនឡើងគួរឲ្យកត់សម្គាល់ ខណៈគិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៣៧.៣៣ពាន់លានដុល្លារ ទទួលពីអតិថិជន ចំនួន១២.០៥លានគណនី។

ក្នុងសិក្ខាសាលា ស្ដីពី «ទិវាសន្សំអាស៊ាន» ក្រោមប្រធានបទ «សន្សំប្រាក់ឥឡូវនេះ ដើម្បីអនាគតរបស់អ្នក» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា «បច្ចុប្បន្ន ការដាក់ប្រាក់សន្សំ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការកើនឡើងគួរឲ្យកត់សម្គាល់។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមាន ចំនួន៣៧.៣៣ពាន់លានដុល្លារអាមេរិក ដែលទទួលពីអតិថិជន ចំនួន១២.០៥លានគណនី»។

លោក បានបន្ដថា នេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាង ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលបានរួមគ្នា អភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ប្រកបដោយចីរភាព ព្រមទាំងជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបាន និងការប្រើប្រាស់សេវា ហិរញ្ញវត្ថុផ្លូវការ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធធនាគារឲ្យកាន់តែប្រសើរ។

នាឱកាសនោះដែរ លោក ប៊ុន យិន អនុប្រធានសមាគមធនាគារនៅកម្ពុជា ក៏បានលើកឡើងថា ដើម្បីអបអរសាទរទិវាសន្សំអាស៊ាន គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងសមាជិកនៃសមាគម បានធ្វើសកម្មភាពជាច្រើន ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាក់ទងទៅនឹងការ សន្សំនៅប្រទេសកម្ពុជា។

ដោយឡែក លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានអំពាវនាវដល់សាធារណៈជនទូទៅ ឲ្យចាប់ផ្តើម និងរក្សាឲ្យបាននូវទំលាប់សន្សំប្រាក់ ពិសេស ត្រូវចេះសន្សំជាមួយគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណចេញដោយធនាគាជាតិនៃកម្ពុជា ដើម្បីទទួលបានការប្រាក់រីកចម្រើន ព្រមទាំងសុវត្ថិភាពខ្ពស់ ផងដែរ។

លោក បានណែនាំឲ្យចាប់ផ្តើមបណ្តុះនូវទំលាប់សន្សំប្រាក់នេះដល់កុមារៗ ឬក្មេងតូចៗ ឲ្យឆាប់តាមតែអាចធ្វើបាន ដើម្បីឲ្យគាត់មានបំណិនជីវិតដ៏សំខាន់មួយនេះ។ លោកថា ការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព គួរតែចាប់ផ្តើមដោយការដាក់ប្រាក់សន្សំទុកមុន និងចាត់ចែងការចំណាយតាមក្រោយ។

យោងតាមរបាយការណ៍របស់ ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ ប្រព័ន្ធធនាគារមានទ្រព្យសកម្ម សរុប២២១,៨ ទ្រីលានរៀល កើនឡើង ១៧,៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលដែលប្រាក់បញ្ញើបានកើនឡើង ១៩,៧% ដល់ចំនួន ១៣០,៨ ទ្រីលានរៀល។ ទន្ទឹមនេះ ប្រព័ន្ធធនាគារ បានដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច តាមរយ:ការផ្តល់ឥណទានគាំទ្រដល់ការវិនិយោគ និងចំណាយចាំបាច់ផ្សេងទៀត ផងដែរ៕

To Top