ព័ត៌មានជាតិ

៩ខែ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់​មនុស្ស​ជាង ១ពាន់នាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ៩ខែ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងចំនួន១៨៨៨លើក បណ្ដាលឲ្យមានអ្នកស្លាប់ ចំនួន១០៥៨នាក់ របួសធ្ងន់ ចំនួន១៥៦០នាក់ និងរបួសស្រាល ចំនួន១០២៩នាក់។

យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញក្នុងកម្មវិធី វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ «ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឲ្យថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងពេលកំពុងប្រឈមនឹងផលប៉ះពាល់នៃការឆ្លងជំងឺកូវីដ-១៩ កម្ពុជានៅមានការខាតបង់បន្ថែម ទាំងអាយុជីវិត និងទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។

របាយការណ៍ ដដែល បានបញ្ជាក់ទៀតថា «ជាក់ស្ដែងក្នុង រយៈពេល៩ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន១៨៨៨លើក បណ្ដាលឱ្យមានអ្នកស្លាប់ ចំនួន១០៥៨នាក់ របួសធ្ងន់ចំនួន១៥៦០នាក់ និងរបួសស្រាលចំនួន១០២៩នាក់ គិតជាមធ្យមមានអ្នក ស្លាប់ចំនួន៣,៨នាក់ក្នុងមួយថ្ងៃ»។

នាឱកាសនោះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវទាំងអស់ ធ្វើការស្វែងយល់កត្តាបង្កគ្រោះថ្នាក់ឲ្យបានច្បាស់លាស់ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលបាត់បង់អាយុជីវិត កាយសម្បទា ទ្រព្យសម្បត្តិរបស់គ្រួសារ និងរបស់រដ្ឋ តាមរយៈការចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា៕

To Top