ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨,៣៩ និងកិច្ចប្រជុំ ពាក់ព័ន្ធនានា របស់អាស៊ាន ដែលមាន ប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះ ត្រូវបានលោក ចូ បៃឌិន ប្រធានាធិបតី សហរដ្ឋអាមរិក បានចូលរួមប្រជុំផងដែរ ។ កិច្ចប្រជុំធ្វើឡើង៣ថ្ងៃ ចាប់ពីថ្ងៃ២៦-២៨តុលា ។ លោក បៃឌិន បានចូលប្រជុំជាមួយមេដឹកនាំអាស៊ាន នាថ្ងៃនាថ្ងៃទី២ ពោលគឺថ្ងៃ២៧តុលា ។
វត្តមាននៃចូលប្រជុំរបស់ប្រទេសមហាអំណាចនេះ ក្រោយខកខាន៤ឆ្នាំ ត្រូវបានលោក សយ សុភាពដែលជាអ្នកចូលចិត្តតាមដានស្ថានការណ៍នយោបាយទាំងក្នុង និងក្រៅប្រទេស ព្រមទាំងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានមើលឃើញថា ដោយសារតែថ្នាក់ដឹកនាំប្រទេសមហាអំណាចនេះ ខ្លាចមហាអំណាចចិនកាន់តែមានឥទ្ធិពលខ្លាំងឡើងក្នុងតំបន់អាស៊ាន ។
លោក សយ សុភាព បានលើកឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃ២៨ តុលា ថា “ក្រោយពីរយាល៤ឆ្នាំ នៃការមិនចូលរួមប្រជុំជាមួយអាស៊ាន ឥឡូវចូលរួមសហការ ជាមួយអាស៊ាន ព្រោះខ្លាចចិនមានឥទ្ធិពលកាន់តែខ្លាំង។ ដោយអាមេរិក វិលមករកអាស៊ាននេះហើយជាហេតុ រុញមេដឹកនាំយោធាភូមា មិនឲ្យមានវត្តមានពេលប្រជុំជាមួយអាមេរិក” ។
លោក សយ សុភាពបានតាំងសំណួរថា តើថ្ងៃក្រោយអាមេរិក មិនពេញចិត្តមេដឹកនាំសមាជិកអាស៊ានណាមួយ តើគេឲ្យអាស៊ាន មិនឲ្យមេដឹកនាំនោះ ចូលទេឬ? ។
លោកថា ហើយតើអាស៊ាន អាចឈានចូលដល់ការកែធម្មនុញ្ញអាស៊ាន៥០បូក១ ដើម្បីអនុម័តអ្វីមួយ? ហើយអាស៊ានអាចចែកផ្លូវដោយម្ខាងនិយមចិន និងម្ខាងនិយមអាមេរិកកាន់តែលេចធ្លោ? ។
លោក សយ សុភាព បានឲ្យដឹងទៀតថា អាមេរិក ជាឆ្មបបង្កើតអាស៊ាន ដើម្បីទប់ឥទ្ធិពលសហភាពសូវៀត នាស័យកាលសង្រ្គាមត្រជាក់ ដែលលទ្ធិកុម្មុយនិស្តបានមកដល់ឥណ្ឌូចិន ដោយវៀតណាមជាបងធំ និងម៉្យាងទៀតទប់ចិន បើទោះបីសម័យកាលនោះមិនទាន់ខ្លាំងក៏ដោយ ។ ដល់ពេលអាមេរិកឈ្នះដោយរំលាយឥណ្ឌូចិន មករួមជាមួយអាស៊ានតែមួយ អាមេរិកដោះដៃទៅបបួលណាតូ វាយ អ៊ីរ៉ាក់ ប្រទេសខ្លះនៅមជ្ឈិមបូព៌ាប្រទេស អាហ្គានីស្ថាន។ លោកថា ឆ្លៀតពេលនោះ ចិនបានពង្រីកខ្លួនទាំងនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៌ សន្តិសុខតំបន់បានធ្វើឲ្យអាមេរិក សម្ព័ន្ធមិត្តភ័យស្លន់ស្លោ ស្រូតបង្កើតឥណ្ឌូ-ប៉ាស៊ីហ្វិក មកទប់ឥទ្ធិពលចិនដែលបានបង្កើតប្រ៊ី ។
លោកបានហៅថា នេះហើយភូមិសាស្ត្រនយោបាយ និងមហិច្ឆតា របស់មហាអំណាច ដែលបង្កការលំបាក សម្រាប់ប្រទេសតូចទន់ខ្សោយ ៕