ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីបច្ចេកក្រសួង បានបន្តបេសកកម្ម អន្តរាគមន៍ នៅចំនុចទំនប់បាក់លើ សណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងកំឡុងពេលចុះដឹកនាំបញ្ជាផ្ទាល់ ទៅទីតាំង លោករដ្ឋមន្រ្តីបានដាក់ផែនការ ដើម្បីកាត់បន្ថយការលិចលង់ រីករាលដាលដោយ ៖
១- រៀបចំបាវខ្សាច់ ដាក់រៀបពីភាគខាងលើ សំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្ត ទឹកហូរបុកខ្លាំង
២- ឆ្កឹះយកតួសំណង់ចាស់ (សល់ពីជំនាន់ប៉ុលពត) ចោល រួចសំអាតដោយធ្វើការចាក់ បំពេញដីតួរផ្លូវទំនប់ ឲ្យរឹងមាំសារជា ថ្មីឡើងវិញ ។

រហូតមកដល់ម៉ោង១១ ព្រឹកនេះ ផែនការតំណាក់កាលទី១ អនុវត្តបានសំរេចហើយ ពោល គឺបន្ថយចរន្តទឹកខ្លាំង មិនមានសកម្មភាព បង្កការហូរបុកបាក់បន្ថែមទៀតនោះទេ ។ ការងារកំពុងដំណើរការល្អ ទៅតាមផែនការកំណត់ ដែលលោករដ្ឋមន្ត្រី បានដាក់ចេញ រហូតដល់ទទួលបានជោគជ័យ ក្នុងពេលដ៏ខ្លីឆាប់ៗនេះ ៕














