ព័ត៌មានជាតិ

អគ្គនាយករង ប.ស.ស. ចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សា ស្ដីពីការបន្ស៊ីគ្នា រវាងការគ្រប់គ្រង់ ហិរញ្ញវត្ថុសាធារណៈ និងកិច្ចគាំពារសង្គម

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការ​អនុញ្ញាតពីសំណាក់ លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជាអគ្គនាយក ប.ស.ស. បានចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្ដីពីការបន្ស៊ីគ្នា រវាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកិច្ចគាំពារសង្គម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលសហការរៀបចំ ដោយអង្គការជាតិ និងអន្តរជាតិ។

នៅក្នុងកិច្ចពិភាក្សានេះ លោក ហេង សុផាន់ណារិទ្ធ បានប្រើប្រាស់ពេលវេលាជាច្រើនម៉ោង ដើម្បីឆ្លើយតបទៅនឹងសំណួរសំខាន់ៗ​ មួយចំនួនទាក់ទងច្បាប់ស្តីពី របបសន្តិសុខសង្គម និងស្ថានភាពរបបសន្តិសុខសង្គម នៅប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើង នូវការគ្របដណ្តប់របបសន្តិសុខសង្គម និងការផ្តល់សេវាជូនសមាជិករបស់ខ្លួន ឱ្យទាន់ពេលវេលា ដោយអនុលោមតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម។

ឆ្លៀតក្នុងឱកាសនោះ លោក បានបញ្ជាក់ថា សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានកម្មករនិយោជិត ចាប់ពី១នាក់ឡើងទៅ ត្រូវចុះបញ្ជិកាមកក្នុង ប.ស.ស. ដើម្បីឱ្យបុគ្គលិក ក៏ដូចជាកម្មករនិយោជិត​ ដែលកំពុងបម្រើការងារទទួលបានសិទ្ធិ ទៅប្រើប្រាស់សេវាពិនិត្យព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. ដោយឥតគិតថ្លៃ និងការទទួលបានអត្ថប្រយោជន៍ ស្តីពី របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀតផងដែរពី ប.ស.ស.៕

To Top
×