ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុង១ខែ សម្រាប់ កម្មករ-និយោជិត ៣ខែបន្ថែមទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ១នាក់ រយៈពេល ៣ ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១។

យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា «បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្មក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផល ធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ ឬលិខិត អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជា បន្ដផ្ដល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មករ-និយោជិត។

រាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា «បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ រយៈពេល ៣ ខែបន្ថែមទៀត ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ-និយោជិត ១ នាក់ ទទួលបាន ៧០ដុល្លារអាមេរិក ក្នុងមួយខែ)»។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ១ នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារ ទេសចរណ៍ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ តុលា ដល់ ខែ ធ្នូ ឆ្នាំ ២០២១។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និង ប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

បន្ថែមពីនោះទៀត រាជរដ្ឋាភិបាល បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម៕

To Top
×