ព័ត៌មានជាតិ

គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-វៀតណាម ស្វែងរកដំណោះស្រាយចំពោះ ខ្សែបន្ទាត់ព្រំដែននៅសេសសល់

ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានលើកទឹកចិត្តឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបាន ចំពោះខ្សែបន្ទាត់ព្រំដែន នៅសេសសល់ប្រមាណ១៦%។

ក្នុងប្រជុំលើកទី១១ ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក ផាម ប៊ីញមីញ ឧបនាយករដ្ឋមន្ត្រី ប្រចាំការវៀតណាមភាគីទាំងពីរបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការពារជាតិ ដើម្បីថែរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ជាមួយគ្នានេះក៏បានអបអរសាទរការប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាបណ្ដោះអាសន្នច្រកទ្វារព្រំដែន អន្តរជាតិម៉ឺនជ័យ-តឺនណាម ក្នុងកម្រិតថ្នាក់ខេត្តរវាងខេត្តព្រៃវែង និងខេត្តតៃនីញ និងបានឯកភាពរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារអន្តរជាតិនេះជាមួយនឹងបណ្តា តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចនៅប្រទេសនីមួយៗ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែន ការទិញលក់អគ្គិសនី ការប្រើប្រាស់ទឹក និងការផ្ដល់សេវាសុខាភិបាល។ ភាគីទាំងពីរ ក៏ឯកភាពដំណើរការអនុវត្តឱ្យមានប្រសិទ្ធភាព «កិច្ចព្រមព្រៀងស្ដីពីវិស័យចត្តាឡីស័កសុខាភិបាល ព្រំដែន» ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៦ និងបន្តជំរុញរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អនុវត្តឱ្យបានម៉ឺងម៉ាត់ទៅតាមវិធានការរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនានា ចូលទៅក្នុងសហគមន៍ភាគីម្ខាងទៀត។

ជាងនេះទៅទៀត ភាគីទាំងពីរ ក៏បានអបអរសាទរពិធីផ្លាស់ប្តូរលិខិតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិ សញ្ញាកំណត់ព្រំដែនរដ្ឋ និងពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក ហើយបានស្វាគមន៍ចំពោះពិធីផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមខ្នាត១/២៥.០០០ រវាងគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ព្រមទាំងលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិ បត្តិការឱ្យបានជិតស្និទ្ធ និងធ្វើការពិភាក្សាគ្នាឱ្យបានសកម្ម ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបាន ចំពោះខ្សែបន្ទាត់ព្រំដែននៅសេសសល់ប្រមាណ១៦%។

ភាគីទាំងពីរលើកទឹកចិត្តឲ្យបណ្តាខេត្តជាប់ព្រំដែនឱ្យបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាអាទិ៍ វិស័យអប់រំ វប្បធម៌ កីឡា យុត្តិធម៌ ឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បណ្តុះបណ្តាលធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍ ផលិតផលទេសចរណ៍ និងជំរុញសកម្មភាពទេសចរណ៍និងកីឡា និងបន្តជួយឧបត្ថម្ភ គ្នាទៅវិញទៅមករវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឱ្យបានកាន់តែជិតស្និទ្ធថែមទៀត៕

To Top