ព័ត៌មានជាតិ

ប្រវត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងការឡើងគ្រងរាជសម្បត្តិ

ភ្នំពេញ ៖ ពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ គឺខួបគម្រប់១៧ព្រះវស្សា នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។ ក្នុងឱកាសនេះ មន្ត្រីរាជការ បុគ្គលិកតាមស្ថានប័នឯកជន និងសិស្សានុសិស្សត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក១ថ្ងៃ ដើម្បីអបអរខួបនៃព្រះរាជាភិសេករបស់ព្រះមហាក្សត្រ ។

នាឱកាសនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមដកស្រង់ប្រវត្តិសង្ខេប និងការឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គ ពីឯកសារវិគីភីឌា ដូចតទៅ ៖

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ។ ព្រះអនុជបង្កើតព្រះអង្គព្រះនាម នរោត្តម នរិន្ទ្រពង្ស ប្រសូត្រនៅឆ្នាំ១៩៥៤ និងសោយទិវង្គតនៅឆ្នាំ២០០៣ ។ សម្តេចព្រះនរោត្តម សីហមុនី មានព្រះរៀម និងព្រះអនុជ ម្តាយទីទៃសរុបចំនួន១៣អង្គ ។

មុនពេលឡើងគ្រងរាជ្យព្រះបាទ សីហមុនី ល្បីល្បាញដោយស្នាព្រះហស្ថរបស់ទ្រង់ ជាឯកអគ្គរាជទូតវប្បធម៌ នៅអង្គការយូនេស្កូ(UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន ខណៈទ្រង់គង់នៅប្រទេសបារាំង អស់រយៈពេលជាង២០ឆ្នាំ។

ព្រះអង្គក្រៅពីភាសាខ្មែរ ទ្រង់អាចប្រើប្រាស់ភាសាឆេក ភាសាបារាំង និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ។

មុនពេលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា “ស្ដេចក្រុមឃុន” ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាននាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានតំឡើងជា “សម្ដេចព្រះបរមនាថ” នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។

ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបន្តពីព្រះបិតា ក្រោយព្រះបិតាបានដាក់រាជ្យកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសរើសដោយ សមាជិកទាំង៩អង្គនាក់ នៃក្រុមប្រឹក្សារាជសម្បតិ្ត ។ ការជ្រើសរើសនេះ គឺស្របតាមការយល់ព្រម ពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានរដ្ឋសភា ជាព្រះរៀមម្តាយ ទីទៃរបស់ព្រះអង្គដែលបុគ្គលទាំងពីរ សុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ ។

ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការ ត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០០៤។

ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គឺ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ។
ប្រែសេចក្ដីថា “អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ”៕

To Top