ព័ត៌មានជាតិ

អូស្រ្តាលី នឹងនៅតែជាដៃគូ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការលើកកម្ពស់ ផលិតកម្មស្បៀង

ភ្នំពេញ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូ យ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ ផលិតកម្មស្បៀង ស្របពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈប និងក្រោយពេលបញ្ហាកូវិដ-១៩ ត្រូវបានបញ្ចប់។ នេះបើតាមយោងតាម ក្រសួងកសិកម្ម។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក Pablo Chiho Kang បានលើកឡើងថា កម្មវិធី CAVAC បានរួមចំណែកជំរុញ ផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់ គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម ទីផ្សារកសិ ផល និងការកែលម្អប្រព័ន្ធស្រោចស្រព ជំងឺដំឡូងមី សត្វល្អិតចង្រៃ ក្នុងគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូល របស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ បន្លែ ចិញ្ចឹមសត្វ និងដំណាំផ្សេងៗទៀត។

លោកទូតបានបញ្ជាក់ថា «រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូ យ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ ផលិតកម្មស្បៀង ស្របពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈប និងក្រោយពេលបញ្ហាកូវិដ-១៩ ត្រូវបានបញ្ចប់»។

ក្នុងជំនួបនេះ ភាគីទាំងបានពិភាក្សាលើ កម្មវត្ថុចំនួន ៤សំខាន់គឺ ៖

ទី១- ពិគ្រោះយោបល់ លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងរួមបញ្ចូលផងដែរ អំពីនិរន្តរភាព នៃវិស័យកសិកម្ម។
ទី២- ការបង្កើត Mekong-Australia Centre ដែលមានតួនាទីធ្វើឲ្យប្រសើរឡើង នូវការប្រើប្រាស់ ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។
ទី៣- លទ្ធផលលើការវាយតម្លៃបញ្ចប់កម្មវិធីស្តីពី “ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program)” និងការប្រគល់ជូន មកក្រសួងនូវរាល់សម្ភារប្រើប្រាស់ ដែលបានបម្រើ ឲ្យកម្មវិធី។
ទី៤- សំណើរបស់កម្ពុជា ជូនទៅរដ្ឋាភិបាលអូស្រ្តាលី ទាក់ទងកម្មវិធីទិដ្ឋាការ សម្រាប់វិស័យកសិកម្ម (Australia Agriculture visa program)៕

To Top