ភ្នំពេញ៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក) បានថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះការប្រព្រឹត្តអំពើហិង្សា ដោយចេតនាយ៉ាងឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយ លោក ទេព ហ៊ុយ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ លើក្មេងស្រី២រូប ដែលករណីនេះ សមត្ថកិច្ចទទួលពាក្យបណ្ដឹង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានកោតសរសើរ ព្រមទាំងថ្លែងអំណរគុណ ចំពោះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ ព្រមទាំងមេធាវីរបស់រាជរដ្ឋាភិបាល ដែលបានស្ម័គ្រចិត្តការពារករណីនេះ ក្នុងន័យរកយុត្តិធម៌ សម្រាប់សង្គម ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែង ចំពោះកុមារីដ៏កំសត់ទាំង២នាក់នេះ ដែលទទួលរងគ្រោះអំពើហិង្សា យ៉ាងព្រៃផ្សៃ អមនុស្សធម៌ និងយល់ឃើញថា អំពើនេះបានរំលោភបំពាន យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលជាស្ថាប័នសម្របសម្រួល លើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នអយ្យការតុលាការ សូមបន្តបណ្តឹងអាជ្ញា លើករណីហិង្សាស្ថានទម្ងន់នេះ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុត ចំពោះជនល្មើសនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមជាតិបន្តទៀត។
សូមរំលឹកថា លោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថ តាមចាប់វាយខ្នោះ បន្ទាប់ពីបានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើក្មេងស្រីទាំង២នាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕