ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ អ្នកធុរកិច្ចកម្ពុជា ត្រឡប់មកពីក្រៅប្រទេសវិញ អាចធ្វើចត្តាឡីស័ក នៅតាមផ្ទះខ្លួនឯងបាន បើសិនពួកគាត់មាន លទ្ធភាពធ្វើចត្តាឡីស័ក។
ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា គណៈប្រតិភូបរទេស មកកម្ពុជា ត្រូវរងចាំប៉ុន្មានម៉ោងដើម្បីធ្វើតេស្ដរកកូវីដ-១៩ ហើយអវិជ្ជមាន ត្រូវបានអនុញ្ញាតឲ្យជួប នាយករដ្ឋមន្ដ្រី ។
សម្ដេចតេជោ បានបញ្ជាក់ថា «ឥឡូវនេះអ្នកធ្វើធុរកិច្ចកម្ពុជា មកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅសណ្ឋាគារនាំតែពិបាកទេ អ្នកណាដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះឲ្យទៅ ដោយមិនចាំបាច់សុំច្បាប់ដល់ខ្ញុំទេ»។
សម្ដេចតេជោ បានបន្ដថា បើពួកគាត់មានលទ្ធភាពក្នុងការធ្វើចត្តាឡីស័ក នៅផ្ទះរបស់គាត់ អនុញ្ញាតទៅ ព្រោះគាត់ចេះការពារខ្លួនគាត់ និងក្រុមគ្រួសារគាត់ហើយ។
ដោយឡែក រាជរដ្ឋាភិបាល ពិចារណាកាត់បន្ថយពេលវេលា នៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជា សម្រាប់អ្នកចាក់វ៉ាក់សាំងពេញលេញ ខណៈអ្នកមិនទាន់ចាក់វ៉ាក់សាំង នៅតែតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃដដែល ៕