ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី បញ្ជាក់ថា កត្តា៤ នាំឲ្យកម្ពុជា បើកប្រទេសឡើងវិញ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មានកត្តា ចំនួន៤ចំណុចធំៗ ដែលនាំឲ្យប្រទេសកម្ពុជា បើកប្រទេសឡើងវិញ យ៉ាងពេញលេញ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ កុមារមានអាយុ៥ឆ្នាំ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មានកត្តា៤ ដែលយើងអាចបើក ប្រទេសឡើងវិញបាន»។

សម្ដេចតេជោ បានរៀបរាប់ថា កត្តាទី១-កម្ពុជាសម្រេចបានជោគជ័យ លើការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ជិត២លាននាក់ រួចស្រេចទៅហើយ។ ដូច្នេះការចាក់វ៉ាក់សាំងរបស់កម្ពុជា បានបង្ហាញនូវភាពស៊ាំ ក្នុងសហគមន៍ ដែលអាចកាត់បន្ថយ បាននូវអត្រាមរណៈភាព និងកាត់បន្ថយបាននូវ ការវិវត្តន៍ឈានទៅធ្ងន់ធ្ងរ ឬការឆ្លង ឬឆ្លងហើយតែវាមិនធ្ងន់ធ្ងរ។

សម្ដេចតេជោ បានបន្ដថា កត្តាទី២-រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពព្យាបាលកូវីដ ដើម្បីត្រៀមម្ចាស់ការក្នុងករណី ដែលមានការរាលដាល ទ្រង់ទ្រាយធំកូវីដ អាចកើតឡើងជាយថាហេតុ។ ទន្ទឹមនេះឱសថដែលមាន ប្រសិទ្ធភាពសម្រាប់ព្យាបាលកូវីដ ត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយត្រូវបានបើកទូលាយផ្គត់ផ្គង់ ជូនសេវាសុខាភិបាលទាំងសាធារណៈ និងឯកជន និងសម្រាប់ជូនប្រជាពលរដ្ឋ ឲ្យអាចរកបានដោយងាយស្រួល នៅតាមឱសថស្ថាននានា។

ចំណុចនេះ សម្តេចតេជោ បានបញ្ជាក់ថា ក្រៅពីឱសថដែលកម្ពុជា កំពុងបានព្យាបាល ក៏កំពុងទិញថ្នាំសម្រាប់ការ ព្យាបាលចំនួន៥ម៉ឺននាក់ គឺថ្នាំរបស់អាមេរិក ដែលគេថា ព្យាបាលមានប្រសិទ្ធភាព ក្នុងតម្លៃម្នាក់ ៥០ដុល្លារ។ សម្តេចថា ការពិតមនុស្សយើងកំពុង នៅឈឺតែប៉ុន្មានពាន់នាក់ទេ ក៏ប៉ុន្តែយើងទិញត្រៀមទុក សម្រាប់ព្យាបាល មនុស្ស ៥ម៉ឺននាក់។ ដូចជាគ្មានរឿងអ្វី ត្រូវសុនសាញច្រើនទេ ត្រូវបញ្ជាទិញក៏ប៉ុន្តែសូមប្រជាពលរដ្ឋ កុំផ្អែកថាមានថ្នាំល្អ បាត់ការប្រុងប្រយ័ត្ន។

សម្ដេចតេជោ បានបន្ថែមថា កត្តាទី៣-តាមរយៈបទពិសោធន៍នៃ ការប្រយុទ្ធទប់ស្កាត់ និងការគ្រប់គ្រងកូវីដ-១៩ កន្លងមកអាជ្ញាធរមានសមត្ថកិច្ច មានការយល់កាន់តែច្បាស់អំពីជំងឺនេះ និងអំពីរបៀបគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាល នៃជំងឺនេះក្នុងទ្រង់ទ្រាយធំ។

សម្ដេចតេជោ បានឲ្យដឹងទៀតថា កត្តាទី៤-ប្រជាជនភាគច្រើនបានយល់ដឹង អំពីរបៀបរស់នៅជាមួយនឹងកូវីដ-១៩ ក៏ដូចជា របៀបការពារខ្លួន តាមគន្លងថ្មី ព្រមទាំង របៀបព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមដោយខ្លួនឯង ៕

To Top