ព័ត៌មានជាតិ

សេចក្តីព្រាង​ ព្រះរាជក្រឹត្យ ស្តីពី លក្ខខណ្ឌបែបបទ និងនីតិវិធី នៃការអនុវត្ តផ្នែកប្រាក់សោធន​ សម្រាប់បុគ្គល នៃវិស័យសាធារណៈ នឹងត្រូវលើកមកពិភាក្សាបន្ត

ភ្នំពេញ៖ បន្ទាប់ពីបានប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលពីក្រុមការងារអ្នកច្បា​ប់ នៃ ប.ស.ស. ជាច្រើនលើកកន្លងមក នារថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការអនុវត្ត ផ្នែកប្រាក់សោធនសម្រាប់បុគ្គល​ នៃវិស័យសាធារណៈ ត្រូវបានលើកយកមកប្រជុំ ត្រួតពិនិត្យពិភាក្សាលម្អិតម្ដងទៀត ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មុននឹងដាក់ឆ្លង ក្រុមប្រឹក្សាភិបាល ប.ស.ស. ត្រួតពិនិត្យបន្តនាពេលខាងមុខ។

តាមការបញ្ជាក់ពីសំណាក់ ​លោកអគ្គនាយក ប.ស.ស. បានឱ្យដឹងថា ៖ ការប្រជុំត្រួតពិនិត្យពិភាក្សានាពេលនេះ គឺដើម្បីកែសម្រួល នូវចំណុចខ្វះខាតមួយចំនួន ក៏ដូចជាបន្ថែមនូវលក្ខខណ្ឌចាំបាច់ និងគោលការណ៍សំខាន់ៗ ចូលក្នុងព្រះរាជក្រឹត្យនេះ ដើម្បីធានាបាននូវចីរភាព និងសង្គតិភាព នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គល នៃវិស័យសាធារណៈ និងវិស័យឯកជន ដូចមានចែងក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម។

ផ្ទាំងពាណិជ្ជកម្ម

សេចក្ដីព្រាងព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះ បុគ្គលនៃវិស័យសាធារណៈ ដែលក្នុងនោះរួមមាន៖

  • មន្ត្រីរាជការ ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ
  • មន្ត្រីរាជការ ដែលបម្រើការងារ នៅក្នុងស្ថាប័នតុលាការ
  • មន្ត្រីរាជការ ដែលបម្រើការងារ នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត
  • មន្ត្រីរាជការ ដែលបម្រើការងារ នៅក្នុងអាជ្ញាធរសវនកម្មជាតិ
  • មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារ នៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ ដោយក្រសួងមុខងារសាធារណៈ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាកែសម្រួលលើសេចក្តីព្រាង ព្រះរាជក្រឹត្យខាងលើ ប្រព្រឹត្តទៅ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួម ពីក្រុមការងារអ្នកច្បាប់នៃ ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសសរុបជាច្រើននាក់ ទាំងចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ផងដែរ៕

To Top
×