ភ្នំពេញ ៖ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន(ASEAN STOM CHAIR) បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ ដោយមានពីតំណាងគណៈប្រតិភូនៃបណ្ដាប្រទេសអាស៊ាន និងដៃគូសន្ទនា តាមប្រព័ន្ធវិដេអូ។
សូមជម្រាបជូនថា ប្រទេសកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី៥២ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីពិនិត្យ និងពិភាក្សាលើសកម្មភាព គម្រោង និងកម្មវិធីនានារបស់អាស៊ានដែលបានដាក់ចេញនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២១ និងពិនិត្យពិភាក្សាអំពីផែនការសកម្មភាព គម្រោង និងកម្មវិធីដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់។
អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ ផែនការជាយុទ្ធសាស្ត្រដឹកជញ្ជូនទីក្រុងកូឡាឡាំពួរ ២០១៦-២០២៥ ការដឹកជញ្ជូនតាមផ្លូវអាកាស ការដឹកជញ្ជូនតាមផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវសមុទ្រ សេចក្តីព្រាងកិច្ចព្រមព្រៀងអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការជួយសង្គ្រោះ និងរុករកនៅតាមសមុទ្រ កិច្ចសម្របសម្រួលលើការដឹកជញ្ជូន កិច្ចសហប្រតិបត្តិការដឹកជញ្ជូនជាមួយដៃគូសន្ទនា អាស៊ានដែលរួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក។
អង្គប្រជុំក៏បានពិភាក្សាផងដែរលើការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និង កិច្ចប្រជុំពាក់ព័ន្ធដែលរួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-អាមេរិក កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន+ដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ស្ថានភាពនៃការឱ្យសច្ចាប័នលើ កិច្ចព្រមព្រៀង/ពិធីសារដឹកជញ្ជូនអាស៊ាន កាលបរិច្ឆេទនិងទីកន្លែងនៃកិច្ចប្រជុំ STOM លើកក្រោយ និងការពិនិត្យនិងអនុម័តលើរបាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥២។
នាឱកាសនោះ លោកប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារលេខាធិការដ្ឋានអាស៊ាន ដែលបានផ្តល់ការគាំទ្រ និងកិច្ចសម្របសម្រួលឱ្យកិច្ចប្រជុំថ្ងៃនេះអាចប្រព្រឹត្ត ទៅបានដោយរលូនតាមការគ្រោងទុក។
ជាមួយគ្នានោះផងដែរ លោកប្រធានអង្គប្រជុំ បានថ្លែងកត់សម្គាល់អំពីវឌ្ឍនភាពសម្រេចបានរបស់ក្រុមការងារ និងស្ថាប័នដែលបំពេញការងារពាក់ព័ន្ធនឹងការដឹកជញ្ជូនទាំងអស់ក្នុងរយៈពេល៥ខែចុង ក្រោយនេះ និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រុមការងារពាក់ព័ន្ធទាំងឡាយ ដើម្បីសម្រេចបានលទ្ធផលសំខាន់ៗសម្រាប់ការដឹកជញ្ជូនឆ្នាំ២០២១ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានកន្លងទៅ ក្នុងកាលៈទេសដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺរាតត្បាត កូវីដ-១៩៕