ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តឲ្យបានតឹងរ៉ឹង ជុំវិញវិធានការនៃការហាម មិនឲ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកំសាន្ត ក្នុងភូមិសាស្រ្តភ្នំពេញ បើទោះបីអាហារដ្ឋាន បៀហ្គាឌិន បើកឲ្យដំណើរការ ជាប្រក្រតីឡើងវិញក៏ដោយ ។
ការដាក់បទបញ្ជាបាននេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី ការជំរុញការងារចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការវ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈ Video Conference កាលពីល្ងាចថ្ងៃ២ វិច្ឆិកា ដោយមានការចូលរួម ពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលបាន បើកប្រទេសឲ្យដំណើរការឡើងវិញ លើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្ត និងខារ៉ាអូខេ គឺមិនអនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺឲ្យបើកដំណើរការ តែភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្ត ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុត នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩” ។
ពាក់ព័ន្ធការចាក់វ៉ាក់សាំងវិញ លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា ទោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទទួលបានការចាក់វ៉ាក់សាំងច្រើន លើសផែនការយ៉ាងណាក្តី ក៏នៅមានប្រជាពលរដ្ឋមួយចំនួន មិនទាន់ទទួលបានការចាក់វ៉ាក់សាំងផងដែរ ហើយអ្នកមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងនេះភាគច្រើន គឺជាប្រជាពលរដ្ឋ មានអាយុច្រើនចាស់ជរា ស្ត្រីពរពោះ និងឆ្លងទន្លេ ។ ដូច្នេះអាជ្ញាធរខណ្ឌពិសេស មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំអនុវត្តការ ចាក់វ៉ាក់សាំងជូនឲ្យពួកគាត់គ្រប់គ្នា។
កាលពីថ្ងៃ១ វិច្ឆិកា ក្នុងបិទយុទ្ធនាការចាក់វ៉ាក់សាំង ឲ្យក្មេង៦ឆ្នាំឡើងទៅ និងបើកយុទ្ធនាការចាក់ឲ្យក្មេង អាយុ៥ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យអាជ្ញាធរនៅតាមរាជធានី-ខេត្តគិតគូរថា តើអាចឲ្យបើកខារ៉ាអូខេ និងក្លឹបកំសាន្តបានទេ ? ស្របពេលរាជរដ្ឋាភិបាលប្រកាស បើកប្រទេសលើគ្រប់វិស័យឡើងវិញ៕