ព័ត៌មានជាតិ

កម្ពុជានឹងធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំអចលនទ្រព្យអាស៊ាន ដើម្បីវាយតម្លៃអចលនវត្ថុអំឡុងពេលរីករាលកូវីដ

ភ្នំពេញ ៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំអចលនទ្រព្យអាស៊ាន ដើម្បីធ្វើការវាយតម្លៃអចលនវត្ថុបណ្តាប្រទេសអាស៊ាន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន(ASEAN Valuers Association-AVA) និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃ៣ វិច្ឆិកា តាមប្រព័ន្ធវីឌីអូថា CVEA ត្រូវបានធ្វើជាម្ចាស់ផ្ទះ នៅក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ-19» របស់សមាគមដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤-២៥ វិច្ឆិកា ។

លោកថា តាមរយៈកម្មវិធី Webinar មានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី៨ប្រទេសជាសមាជិកអាស៊ាន និងអ្នកតំណាងមកពីឡាវ ភូមា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និង កូរ៉េ ។

លោកគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិក និងសមាជិក ព្រមទាំងធ្វើការពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល ។

ជាមួយគ្នានោះដែរ លោក សុខ នីម ក៏បានលើកឡើងថា កម្ពុជាធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជាធ្លាប់បានជាម្ចាស់ផ្ទះម្តង ឬពីរដងមកហើយ ពីព្រោះ CVEA បានធ្វើជាវេនមួយឆ្នាំម្តងទៅតាមប្រទេសនីមួយ ៗ ។


លោកបន្តថា កិច្ចប្រជុំនេះ នឹងធ្វើការដងស្រង់បទពិសោធន៍ និងវាយតម្លៃក្នុងបណ្តាប្រទេសផ្សេងៗ ដើម្បីយ៉ាងណាឲ្យទទួលបានតម្លៃខ្ពស់ ។

លោកក៏បានលើកឡើងថា កិច្ចប្រជុំនៅពេលខាងមុខនេះ នឹងផ្តល់ឱកាសឲ្យសមាជិកនៅតាមបណ្តាប្រទេសអាស៊ាន ផ្នែកអចលនវត្ថុធ្វើការពិភាក្សា និងវាយតម្លៃពីអចលនវត្ថុ ពីគ្នាទៅវិញទៅមក ។ ជាងនេះ អាចមានឱកាស ក្នុងការធ្វើជំនួញលើវាយតម្លៃវិស័យអចលវត្ថុក្នុងតំបន់អាស៊ាន ។ ជាងនេះទៀតក៏អាចធ្វើការងាររួមគ្នា នៅក្នុងប្រទេសតំបន់អាស៊ានជាមួយអាមេរិក អឺរ៉ុប ចិនជាដើម ៕

សំណាង

To Top