ភ្នំពេញ ៖ លោក ថាច់ សេដ្ឋា ដែលជាមន្រ្តីស្និទ្ធជាមួយលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ត្រូវបានលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន តែងតាំងជាអ្នកនាំពាក្យគណបក្សនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សភ្លើងទៀន នាថ្ងៃ៣ វិច្ឆិកា បានឲ្យដឹងថា បក្សនេះបានបើកកិច្ចប្រជុំ តាមអនឡាញនាថ្ងៃ២ វិច្ឆិកា ដើម្បីសម្រេចលើពាក្យស្នើសុំជាសមាជិកគណបក្សភ្លើងទៀន របស់លោក ថាច់ សេដ្ឋា ។
បើតាមលិខិត លោក ថាច់ សេដ្ឋា ជាអតីតស្ថាបនិកគណបក្សជាតិខ្មែរ បន្ទាប់មកប្តូរទៅ ជាគណបក្សសម រង្ស៊ី បច្ចុប្បន្នគណបក្សភ្លើងទៀន។
លិខិតគូសបញ្ជាក់ថា “តែងតាំងឯកឧត្តមថាច់ សេដ្ឋា ជាអ្នកនាំពាក្យរបស់គណបក្សភ្លើងទៀន” ។
ក្រោយប្រកាសតែងតាំងនេះ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានឲ្យដឹងនៅថ្ងៃ៤ វិច្ឆិកាថា តាមការណ៍ដែលគេឲ្យដឹង លោក ថាច់ សេដ្ឋា ត្រូវបានគេផ្ចុងផ្តើមឲ្យទៅដឹកនាំគណបក្សបេះដូងជាតិ ដែលលោក សម រង្ស៉ី និងអ្នកនយោបាយនិរទេសខ្លួន ដូចជាលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ នៅពីក្រោយ។ ខណៈគណបក្សបេះដូងជាតិកំពុងមានវាសនាមិនច្បាស់លាស់ ចាប់តាំងពីខែមិថុនា មកទល់ពេលនេះ ទើបលោក ថាច់ សេដ្ឋា ត្រូវបានក្រុមអ្នកនយោបាយនិរទេសប្តូរទិសដៅនយោបាយឲ្យទៅដឹកនាំអតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នជាគណបក្សភ្លើងទៀនវិញម្តង។
លោក មុត ចន្ថា ក៏ធ្លាប់បានអះអាងថា គណបក្សភ្លើងទៀនជាមរតនយោបាយ របស់លោក សម រង្ស៉ី បានកសាងឡើងតាំងតែពីខែវិច្ឆិកា ឆ្នាំ១៩៩៥ ដូច្នេះ លោក សម រង្ស៊ីពិតជាមិនអនុញ្ញាតឲ្យក្រុមនយោបាយ នៃគណបក្សភ្លើងទៀន បច្ចុប្បន្នយកទៅបំផ្លាញ ចោលដោយងាយនោះទេ ។ បើសិនជាគាត់មិននៅពីក្រោយ គណបក្សភ្លើងទៀន ដូច្នេះមេដឹកនាំបច្ចុប្បន្ននេះ មិនមានសារ និងសេចក្តីថ្លែងការណ៍នយោបាយ ឬគេហៅថា ទ្រព្យធនគណបក្សទៅលក់ឲ្យអ្នកគាំទ្រ ឬប្រជាពលរដ្ឋគាំទ្រណា ។
សូមបញ្ជាក់ថា គណបក្សភ្លើងទៀន កើតចេញពីអតីតគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដោយបានច្របាច់បញ្ចូលគ្នា ទាំងរចនាសម្ព័ន្ធ និងទាំងកម្លាំងស្នូល នៅកម្រិតជាតិ និង មូលដ្ឋាន ដើម្បីបង្កើតទៅជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២ ប៉ុន្តែបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល កាលពីចុងឆ្នាំ២០១៧ ។
គណបក្សភ្លើងទៀន នឹងរៀបចំធ្វើសមាជ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ក្រោយបរាជ័យធ្វើលើកទី១ កាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២១ មិនបានជោគជ័យ។ ចំណុចនេះ លោក មុត ចន្ថា បានលើកឡើងទៀតថា ការរៀបចំសមាជសាមញ្ញ និងការប៉ុនប៉ងរៀបចំ សមាជវិសាមញ្ញ ម្តងជាពីរដង របស់បក្សភ្លើងទៀននេះ គឺសញ្ញាបង្ហាញមកថា បក្សដើរចេញពី អតីតគណបក្សសង្រ្គោះជាតិ (CNRP) ។
លោក មុត ចន្ថា បានហៅចំណុចនេះថា ជាកលល្បិចទុយ៌ស លួចចាក់ពីក្រោយខ្នង របស់លោក សម រង្ស៊ី ក្នុងគោលបំណងក្បត់លោក កឹម សុខា ទៅស្រវ៉ាបក្សភ្លើងទៀន ខណៈសំណុំរឿងលោក កឹម សុខា ស្ថិតនៅតុលាកា ហើយមិនអាចធ្វើសកម្មភាពនយោបាយបាន ៕