ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាដើមសប្តាហ៍ក្រោយ

ភ្នំពេញ៖ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជានៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ការបំពេញទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ។ ក្នុងឱកាសនោះដែរ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកាលពីថ្ងៃទី៤ វិច្ឆិកា ។

លោកស្រី ម៉ារីស ផេន ក៏នឹងមានជំនួបទ្វេភាគី ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ របស់កម្ពុជាផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការ កម្ពុជាដើម្បីជួយស្រ្ដីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្ត របស់អូស្រ្ដាលី ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ជាមួយកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក ៕

To Top