ព័ត៌មានជាតិ

សម្តេចតេជោ ៖ ការបាត់បង់ លោក ងួន ញ៉ិល ជាការបាត់បង់ដ៏ធំធេង នូវឥស្សរជននយោបាយខ្មែរ ដ៏ឆ្នើមមួយរូប

ភ្នំពេញ ៖ ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោក ងួន សុជាតិ អ្នកតំណាងរាស្ត្រ ចំពោះមរណភាព លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា ដែលត្រូវជាឪពុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការបាត់បង់រូបលោកនេះ គឺជាការបាត់បង់ដ៏ធំធេង នូវឥស្សរជននយោបាយខ្មែរ ដ៏ឆ្នើមមួយរូប ដែលពោរពេញ ដោយឆន្ទៈមនសិការ ក្នុងការបំរើជាតិ ។

ក្នុងសារលិខិតនាថ្ងៃ៥ វិច្ឆិកានេះ សម្តេចតេជោបានលើកឡើងថា “ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវ លោកឪពុកនិងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេង នូវឥស្សរជននយោបាយខ្មែរ ដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបំរើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រគ្រប់កាលៈទេសៈ”។

សម្តេចតេជោលើសរសើរពីវីរៈភាព លោកងួន ញិល ទៀតថា បានរួមចំណែក យ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃ នៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ ជាអនេកប្បការ ។

សូមបញ្ជាក់ថា លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាជាតិកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាគ៌ាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ នៅគេហដ្ឋានរបស់លោក ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ៕

To Top