ព័ត៌មានជាតិ

អ៊ីរ៉ង់ អះអាងថា ទុនបម្រុងអ៊ុយរ៉ាញ៉ូម ចម្រាញ់ ៦០ភាគរយ ឡើងដល់ ២៥គីឡូក្រាម

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃសុក្រថា អង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ទុនបម្រុងនៃសារធាតុអ៊ុយរ៉ាញ៉ូម ៦០ភាគរយរបស់អ៊ីរ៉ង់ បានកើនឡើងដល់ ២៥គីឡូក្រាម។

អ្នកនាំពាក្យរបស់ AEOI លោក Behrouz Kamalvandi ត្រូវបានដកស្រង់សម្តីថា “អ៊ីរ៉ង់ស្ថិតក្នុងចំណោម ប្រទេសមួយចំនួន ដែលអាចផលិតវាបាន (60% នៃសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់)”។

លោកបានបន្ថែមថា ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់បាន ២០ភាគរយ របស់អ៊ីរ៉ង់ បានកើនលើស ២១០គីឡូក្រាម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមច្បាប់ដែលបាន អនុម័តដោយសភាអ៊ីរ៉ង់ ក្នុងខែធ្នូ ឆ្នាំ២០២០ AEOI ត្រូវបានគេតម្រូវឱ្យផលិតអ៊ុយរ៉ាញ៉ូម ២០ភាគរយ យ៉ាងហោចណាស់ ១២០គីឡូក្រាម នៅចុងឆ្នាំ២០២១។

នៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) អ៊ីរ៉ង់មានកាតព្វកិច្ចកំណត់ការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ទៅជាភាពបរិសុទ្ធ ៣,៦៧ ភាគរយ និងស្តុកទុកមិនលើសពី ៣០០គីឡូក្រាមនៃសម្ភារៈ។

អាជ្ញាធរអ៊ីរ៉ង់បានឲ្យដឹងថា ការជំរុញការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម រួមជាមួយនឹងវិធានការផ្សេងទៀត ដើម្បីកាត់បន្ថយការប្តេជ្ញាចិត្ត មួយចំនួនក្រោម JCPOA គឺជាប្រតិកម្មចំពោះការដកខ្លួនជា ឯកតោភាគីរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការបរាជ័យនៃ ប្រទេសហត្ថលេខីអឺរ៉ុប ក្នុងការការពារផលប្រយោជន៍របស់អ៊ីរ៉ង់ ចំពេលមានការដាក់ ទណ្ឌកម្មផ្នែកធនាគារ និងថាមពលរបស់សហរដ្ឋអាមេរិក។ .

បន្ទាប់ពីការចរចារចំនួនប្រាំមួយ ក្នុងគោលបំណងធ្វើឱ្យ JCPOA រស់ឡើងវិញនៅរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីសនៅចន្លោះ ខែមេសាដល់ខែមិថុនា អ៊ីរ៉ង់ និងសហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានយល់ព្រមបន្តការចរចា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ៕

ដោយ ឈូក បូរ៉ា

To Top