ភ្នំពេញ៖ ដំណើរទស្សនៈ ដ៏ឆាប់រហ័សរបស់រដ្ឋមន្រ្តីការបរទេស អូស្រ្ដាលី បន្ទាប់ពីប្រកាស ភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រវាងប្រទេសអ្នកមានទាំងបី (អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក) មកកាន់ប្រទេសកម្ពុជា ដែលជាមិត្តដែកថែបជាមួយចិន ទំនងជាជំរុញឱ្យ មេដឹកនាំខ្មែរគាំទ្រ នូវអ្វីដែលជាយុទ្ធសាស្រ្ត AUKUS ។
សូមបញ្ជាក់ថា អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសពីភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។ ក្នុងនោះ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរស៊ើបខ្លាំង ជាមួយអូស្ត្រាលី។
មុនមួយថ្ងៃនៃដំណើរឈានជើងមកដល់ ប្រទេសកម្ពុជា របស់លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមន៍ អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា «តើអូស្ត្រាលីមកសុំខ្មែរឱ្យគាំទ្រ អូគូស?»។
ក្នុងនោះ លោក សយ សុភាព បានរំលឹកពីកត្តាភូមិសាស្រ្តនយោបាយ ក៏ដូចជាយុទ្ធសាស្រ្ត របស់ពួកប្រទេសមហាអំណាច ដែលប្រកួតប្រជែងគ្នា នៅលើឆាកអន្តរជាតិ ដែលអ្នកនិយមតាមដាន ពីជម្លោះដោយវោហោសាស្រ្ត រវាងចិននិងអាមេរិកព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ វិច្ឆិកានេះ លោក សយ សុភាព បានលើកឡើងថា «ក្រុមលោកខាងលិច ភ្នែក៥ (អង់គ្លេស អាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់)បានបង្កើត អូគូស( អូស្ត្រាលី អង់គ្លេស អាមេរិក) ថ្មីមួយទៀត បន្ទាប់ពី ឥណ្ឌូប៉ា-ស៊ីហ្វិក ដើម្បីទប់ទ្ធិពលចិន(ប្រ៊ី) ដែលកំពុងរីកឥទ្ធិពលយ៉ាងខ្លាំង រហូតធ្វើឱ្យពូកគេដេកលេងលក់ រួមទាំងប្រទេសខ្លះនៅអឺរ៉ុបផង»។
លោក សយ សុភាព បន្តថា ក្រោយអូគូសចេញរូបរាងកាលពីថ្មីៗនេះ ប្រទេសខ្លះជាសមាជិកអាស៊ាន បានគាំទ្រដោយផ្អែកលើហេតុផលនយោបាយ។ ពិតហើយប្រទេសឥណ្ឌូនេស៊ី គាំទ្រប៉ុន្តែមិនប្រាកដ១០០ភាគរយទេ។
លោកថា ផ្អែកលើភូមិសាស្ត្រ អូស្ត្រាលី ភ័យខ្លាច ឥណ្ឌូនេស៊ី ដោយសារប្រទេសនេះ នៅកៀកបង្កើយអូស្ត្រាលី ហើយសាច់ដុំក៏ខ្លាំងជាងដែរធ្វើឱ្យអូស្ត្រាលី ដេកមិនសូវស្កប់ស្កល់ទេ។ អ្នកវិភាគ ថា អូស្ត្រាលី រួមបង្កើតអូគូស នេះ គឺព្រួញមួយបាញ់សត្វបានពីរ។ ពោល ទប់ចិនផងនិងឥណ្ឌូនេស៊ីផង។
លោក សយ សុភាព ក៏បានឱ្យដឹងផងដែរថា នៅមុននេះ អូស្ត្រាលីបានប្រើយុទ្ធសាស្ត្រយោធាការទូត ដោយបញ្ជូននាវាចម្បាំង មកចូលចតកំពុងផែស្វ័យ័តក្រុងព្រះសីហនុ ក្រោមរូបភាព កិច្ចសហការជាមួយនាវីកម្ពុជា និង យកលេសដឹកសម្ភារៈ ការពារ ជំងឺកូវីដ១៩ជំនួយ មកឱ្យខ្មែរ។ តែក្នុងន័យភូមិសាស្ត្រនយោបាយវិញ អូស្ត្រាលីមកឃ្លាំមើលក្រែងមានមូលដ្ឋានយោធាចិន ដែលពួកគេបានមួលបង្កាច់កន្លងមក និងតទៅមុខទៀត។
សូមរំលឹកផងដែរថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anzac បានទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងចេញដំណើរត្រលប់ទៅវិញនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ក្នុងដំណើរទស្សនៈកិច្ចនេះ ក៏បាននាំមកនូវសម្ភារៈវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥។ ក្នុងនោះលោក Pablo Kang អគ្គរាជទូតអូស្រ្ដាលីប្រចាំកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ច នាវាជើងទឹកអូស្ត្រាលី HMAS Anzac លើទឹកដីកម្ពុជា នឹងកើតមានជាទៀងទាត់ ក្រោយខនខានជាច្រើនឆ្នាំ ចាប់ពីឆ្នាំ២០១៦។
ងាកមកលោក សយ សុភាព ដែលជាអ្នកចូលចិត្តតាមដាន ភូមិសាស្រ្តនយោបាយនេះវិញ បានបន្តទៀតថា «ឥឡូវនេះយោងតាមសេចក្តីជូនព័ត៌មាន ក្រសួងការបរទេសខ្មែរបានឱ្យដឹងថា ថ្ងៃចន្ទទី ៧-៨ វិច្ឆិការនេះ លោកស្រី ម៉ារីផេន រដ្ឋមន្ត្រីការបរទេស និង កិច្ចការនារី អូស្ត្រាលើ នឹងមកដល់ខ្មែរ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវការ ដោយ គ្រោងជួបសមភាគី លោក ប្រាក់ សុខុន និង សុំចូលជួបប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជា ហ៊ុន សែន។
អ្នកវិគាគថា ក្រៅពីពិភាក្សាទ្វេភាគី លោកស្រីរដ្ឋមន្ត្រី និង បញ្ចុះបញ្ចូលខ្មែរឱ្យគាំទ្រ អូគូស ទើបបង្កើតថ្មី ដើម្បីប្រឆាំងចិន។
អ្នកវិភាគបន្តថា ផ្អែកលើភូមិសាស្ត្រ នយោបាយនិងការវិវត្តន៏ សភាពការណ៏តំបន់និងពិភពលោក ប្រហែលជាកម្ពុជា មិនងាករេគាំទ្រ អូគូស ប្រឆាំងចិនទេ។ ម៉្យាងខ្មែរជាសមាជិកស្ថាបនិក ប្រ៊ី ផងដែរ កាលពី ឆ្នាំ២០១៣ នៅ ប្រទេស កាហ្សាក់ស្ថាន។
អ្នកវិភាគថា បើចិនខ្សោយ ម្ល៉េះពួកគេ មិនបុកពោះទេ រហូត G7 បង្កើត 3B( Build Back Better World) Indo-Pacific និង AUKUS ទេដែលគោលដៅពិតប្រាកដ ទប់ទល់ ប្រឆាំង និង បំផ្លាញចិន និង ប្រ៊ី ដែលមានខ្មែរជាសមជិកស្ថាបនិកផងដែរ.
សូមបញ្ជាក់ថា បើយោងតាមក្រសួងការបរទេសខ្មែរបានឱ្យដឹងថា លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជានៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសនោះដែរ លោកស្រី នឹងអញ្ជើញចូលជួបសម្តែង ការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានជំនួបទ្វេភាគី ជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ របស់កម្ពុជាផងដែរ។