ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ស្ថិត ក្នុង បរិបទ កូវីដ ១៩ ការផលិតគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជន នៅបន្តមានសកម្មភាព ខ្លាំងក្លា រួមទាំងវិធីសាស្រ្តលួចលាក់ធ្វើសកម្មភាពកាន់តែមានភាពប្រែប្រួល និងស្មុគស្មាញឡើង។
ការឱ្យដឹងបែបនេះធ្វើឡើង ក្នុងជំនួបពិភាក្សា រវាង នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក វីចៃ ចៃម៉ុងខន អគ្គលេខាធិការក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀនថៃ ដែលមានការចូលរួម ពីតំណាងអង្គភាពពាក់ព័ន្ធ នៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀន ប្រទេសទាំងពីរកម្ពុជា-ថៃ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព បន្តជួយគ្នាទៅវិញទៅមក តាមរយ:ការផ្លាស់ប្តូរព័ត៌មាន ការតាមដានផ្លូវចរាចរ ខ្សែបណ្តាញក្រុមឧក្រិដ្ឋជន និងបទល្មើសសម្អាតប្រាក់ ដើម្បីពង្រឹងប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការបង្រ្កាបបទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្តថា បញ្ហាបទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែន នៅតែមានស្ថានភាពស្រួចស្រាល ដែលតម្រូវឱ្យប្រទេសយើងទាំងពីរ ត្រូវរួមគ្នាដោះស្រាយបង្ការ បង្រ្កាបឱ្យដល់ឬសគល់ នៃក្រុមឧក្រិដ្ឋជន មានអង្គការចាត់តាំង ដើម្បីសុវត្ថិភាព សន្តិសុខ និងសុខុមាលភាព រស់នៅរបស់ប្រជាពលរដ្ឋ នៃប្រជាជាតិយើងទាំងពីរ ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា «ក្នុងកាលៈទេសពិភពលោក ប្រឈមនិងបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ព្រំដែនរបស់បណ្តាប្រទេសលើលោក ត្រូវបានបិទខ្ទប់យ៉ាងតឹងរ៉ឹង ទោះបីថា ពិបាកក្នុងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ ប៉ុន្តែការផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជននៅបន្តមានសកម្មភាព ខ្លាំងក្លា រួមទាំងវិធីសាស្រ្តលួចលាក់ធ្វើសកម្មភាពកាន់តែមានភាពប្រែប្រួល និងស្មុគស្មាញឡើង»៕