ព័ត៌មានជាតិ

សម្ដេចតេជោ៖ ក្រុមប្រឆាំង មានភាពច្រណែន ការអភិវឌ្ឍភ្នំពេញ ទើបវាយប្រហារពីជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ក្រុមប្រឆាំងនៅក្រៅប្រទេស មានភាពច្រណែនឈ្នានីស្ត ពីការអភិវឌ្ឍរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ទើបពួកគេវាយប្រហារថា «លុបបឹង បានមានជំនន់ទឹកភ្លៀង»។

ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នបឹងមួយចំនួននៅរាជធានីភ្នំពេញ បានក្លាយជាអាគារធំៗ ខណៈ សម្ដេចរំលឹកថា កាលពីជំនាន់មុន ដី១ហិកតា មានសំណង់ត្រឹមតែ ៥ពាន់ម៉ែត្រការ៉េ ប៉ុន្ដែឥឡូវនេះ ដី១ហិកតាដដែលមានសំណង់ឡើងដល់ ៥ម៉ឺនម៉ែត្រការ៉េ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំស្អប់បំផុត ស្អប់អាពេលមានទឹកជំនន់ម្ដងៗ គឺជេរ នោះជេរ ជេរថា ឯងលុបបឹង។ ស្គាល់ទេពាក្យទឹកជំនន់ អ្វីទៅហៅថា ជំនន់? បើក្បាលចេញ ក្បាលចូលមិនស្របគ្នាហើយ គឺវាជំនន់ហើយ»។

សម្ដេចតេជោ បានរំលឹកថា កាលឆ្នាំ១៩៩១ កម្ពុជាមានទឹកជំនន់ ហើយកាលណុងកម្ពុជា ក៏មិនទាន់អភិវឌ្ឍន៍ដែរ។ សម្ដេចថា ទឹកជំនន់មិនមែនមាននៅកម្ពុជា តែមួយទេ បណ្ដាប្រទេសមួយចំនួន ក៏មានដែរ។ សម្ដេចថា ឲ្យតែមានជំនន់ទឹកភ្លៀង ដឹងតែពួកប្រឆាំងថា អភិបាលរាជធានីភ្នំពេញ គ្រប់គ្រងមិនបាន តែទឹកទន្លេមេង្គឡើង ដោយសារមានទឹកមកពី ខាងលើខ្លាំងទេ។

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំយល់ការពិត ភាពច្រណែន តែប៉ុណ្ណឹងទេ ច្រណែន ទៅនឹងការអភិវឌ្ឍ»។

លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅក្នុងបូរីហ្គ្រេនភ្នំពេញ មានអ្នករិះគន់ឧកញ៉ា លាង ឃុន និងមានការតវ៉ា មិនចង់ឲ្យលុបត្រពាំងមួយ ។ តែសម្តេចថា ប្រសិនបើសម្តេចវិញ ជាម្ចាស់ សម្តេចលុបចោលយូរហើយ ព្រោះស្រះនោះវាស្អុយ។ លុបរួចហើយ ចំណេញដីបានច្រើន៕

To Top