ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ ដោយមានភាពត្រឹមត្រូវ និងយុត្តិមធម៌។
ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាជ្ញាធរត្រូវ ត្រូវដោះស្រាយចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋផងដែរ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំថា បន្ដការខិតខំដោះស្រាយ ចេញបណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋ, ខិតខំដោះស្រាយជំលោះដីធ្លី ដែលនៅសេសសល់ ឬកើតមាន ។ ដោយខិតខំសម្រុះសម្រួលគ្នា ក្រៅប្រព័ន្ធតុលាការ អាហ្នឹងដោះឆាប់ចេញ ហើយចូលដល់តុលាការ មានឈ្នះ មានចាញ់ បើដោះក្រៅប្រព័ន្ធតុលាការអត់អីទេ»។
សម្ដេចតេជោបន្ដថា អាជ្ញាធរដោះស្រាយក្រៅប្រព័ន្ធតុលាការបែបនេះ ត្រូវមានភាពត្រឹមត្រូវបំផុត និងយុត្តិធម៌។ ជាងនេះទៅទៀត អាជ្ញាធរ ក៏ត្រូវខិតខំដោះស្រាយដីសប្បទាសង្គមកិច្ច ជាពិសេស ត្រូវរៀបចំដីធ្លី ជូនអ្នកមិនទាន់មានដី ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេច ចាត់តាំង លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ធ្វើជាប្រធានក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដី របស់រដ្ឋដោយខុសច្បាប់ ដោយមានអនុប្រធាន ចំនួន៤រូប និងសមាជិក ចំនួន១៦រូបទៀត៕