ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារក្តៅៗ ដោយព្រមានវៃខ្នោះ ទៅកាន់អ្នក បកស្រាយថា រដ្ឋសភាធ្វើវិសោធនកម្ម ច្បាប់រដ្ឋម្មនុញ្ញពី៥០បូក១ទៅ ជា២ភាគ៣ខុសរដ្ឋធម្មនុញ្ញ គឺជាខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
សម្តេចតេជោ បានមានប្រសាសន៍ ក្នុងពិធីសម្ពោធដាក់ដំណើរ ការទីស្តីការក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា «ខ្ញុំនិយាយតិចចុះរឿង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ពីព្រោះថា មានមនុស្សច្រើនពេកដែលចេះដឹងជ្រុល ថាការកែរដ្ឋធម្មនុញ្ញពី៥០បូក ទៅ២ភាគ៣ខុសកិច្ចព្រម ព្រៀងទីក្រុងប៉ារីស «…»ធ្វើអ្វីក៏ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយចង់ឲ្យកិច្ចព្រមព្រៀងប៉ារីសនេះ ទៅដោះស្រាយបញ្ហា ភូមាទៀត ចំណុចនេះជារឿងគួរចង់សើច»។
សម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា “សូមបញ្ជាក់កិច្ចព្រមព្រៀងប៉ារីស បើពេលនោះ បើរដ្ឋកម្ពុជាមិនព្រមអនុញ្ញរដ្ឋធម្មនុញ្ញ មានន័យថា អ៊ុនតាក់កំពុងជាប់ជើងក្នុងស្រុកខ្មែរ ហើយបើគ្មានព្រះករុណា សម្រុះសម្រួលទេ ពេលនេះ អ៊ុននៅកម្ពុជានៅឡើយ។ អ្នកត្រូវស្គាល់ឲ្យច្បាស់ អ៊ុនកាត់ អស់ភារកិច្ចចាប់ផ្តើមគ្រប់ភារកិច្ចនៅកម្ពុជា រហូតដល់សភាធម្មនុញ្ញ ក្លាយទៅសភាជាតិបង្កើត រដ្ឋាភិបាល” ។
បន្ថែមពីលើនេះ សម្តេចក៏បានគូសបញ្ជាក់ទៀតថា “អ្នកដែលចង់ហៅកិច្ចព្រមព្រៀងប៉ារីសគ្រប់ដណ្តប់វិញ អ្នកកំពុងតែហៅបរទេសមកត្រួតត្រាសាជាថ្មី” ។ សម្តេចតេជោផ្ញើសារទៀតថា អ្នកត្រូវមើលចំណុចនេះមួយ បើអ្នកជាខ្មែរ ហើយអ្នកជាមនុស្សមិនមែនជាសត្វ ត្រង់ចំណុច SNC ជាប្រភពអំណាចតែមួយគត់ ប៉ុន្តែចែងច្បាស់អំពីថា SNC ធ្វើការតាមកុងសង់ស៊ីស ក្នុងករណីគ្មានកុងសង់ស៊ីស ប្រធានSNC នឹងធ្វើការសម្រេច ដោយគិតគូរទៅលើគំនិត របស់សមាជិកដទៃ ។ ក្នុងករណីមិនអាចសម្រេចបាន គឺប្រធានអ៊ុនតាក់ជាអ្នកសម្រេច ។ អីញ្ចឹងអ្នកធំ ជាងគេពេលដំណាក់កាលអ៊ុនតាក់ គឺមិនមែនព្រះ បិតាជាតិទេ គឺប្រធានអ៊ុនតាក់ ហើយប្រធានអ៊ុនតាក់ជាសមាជិកអចិន្ត្រៃយ៍ ក្រុមសន្តិសុខអង្គការសហប្រជាជាតិ ។ ដូច្នេះអ្នកត្រូវយល់ឲ្យច្បាស់ ។
សម្តេចនាយករដ្ឋមន្រ្តីលើកឡើងទៀតថា រដ្ឋធម្មនុញ្ញពេលនេះ ព្រះមហាក្សត្រធំជាងគេ ម៉េចចង់ហៅគេមកត្រូតត្រា ឡើងវិញ បើអ្នកមិនមែនជាតិ តិរិច្ឆានហើយម្យ៉ាងទៀត អ៊ុនកាត់ និងអង្គកាសហប្រជាជាតិ អត់ភារកិច្ចហើយ ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា អ្នកខ្លះធ្វើការបកស្រាយរឿងកិច្ចព្រមព្រៀង តែសូមនិយាយចុះ គឺសម្តេចធ្វើអ្វីតាមរដ្ឋធម្មនុញ្ញ ព្រោះធាតុចូលទាំងប៉ុន្មានបានចូលអស់ហើយ ។
សម្តេចគូសបញ្ជាក់ថា «ខ្ញុំមិនយល់! ប៉ុន្តែសូមកុំប្រហើន និយាយអ្វីៗនិយាយចុះ តែបើខុសច្បាប់ធ្ងន់ពេកគឺដាក់ហើយ ។ ឧទាហរណ៍៖ អ្នកមានមូលដ្ឋានផ្លូវច្បាប់ ពីណាក៏ដោយ ចោទថា សភាកែរដ្ឋធម្មនុញ្ញពី៥០បូក១ ទៅ២ភាគ៣ ខុសកិច្ចព្រមព្រៀង ទីក្រុងប៉ារីស។ តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានកំណត់ថារដ្ឋធម្មនុញ្ញ មិនអនុញ្ញាតឲ្យកែពី៥០បូក១ទៅ២ភាគ៣ឯណា»។
សម្តេចនាយករដ្ឋមន្ត្រីក៏បានអះអាងថា ដើម្បីដំណើរប្រជាធិបតេយ្យឲ្យល្អ ថ្ងៃក្រោយមិនកំណត់៥០បូក១ ឬ២ភាគ៣ទេ គឺគេកំណត់ភាគច្រើនទៅវិញ ឲ្យតែភាគីឈ្នះហើយ បង្កើតរដ្ឋាភិបាលបានហើយ។
សម្តេចបន្ថែមថា “បើសិនអ្នកចោទសភាធ្វើវិសោធនកម្មខុស គឺគេមានសិទ្ធិទៅវៃខ្នោះអ្នក ។ សូមប្រាប់ថាល្មមៗបានហើយ តិចថាហ៊ុន សែនមិនហ៊ាន! ហ៊ុន សែនហ៊ានវៃអ្នកនយោបាយ ហ៊ានដៃខ្នោះម៉ោង១២យប់ ហេតុអ្វី មិនហ៊ានវៃខ្នោះអ្នកត្រឹមហ្នឹង ឲ្យមកបកស្រាយក្នុងតុលាការ ។ ហេតុអីបានជាចោទសភា កែរដ្ឋធម្មនុញ្ញពី៥០បូក១ ទៅ២ភាគ៣ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស? ៕ សំណាង