ព័ត៌មានជាតិ

បម្រែបម្រួល អាកាសធាតុ ជះឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យ កសិកម្មកម្ពុជា

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការបម្រែបម្រួលអាកាសធាតុ ជះឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យកសិកម្មកម្ពុជា ដែលប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមជនបទ ។

ក្នុងពិធីបើកសិក្ខាសាលា ថ្នាក់តំបន់ តាមប្រព័ន្ធវិដេអូ ស្តីពី «ដំណើរផ្លាស់ប្តូរកសិកម្ម អេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ ប្រកបដោយ សុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញ ប្រកបដោយបរិយាប័ន្ន នៅក្នុងតំបន់អាស៊ាន» នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វេង សាខុន បានទទួលស្គាល់ថា ការប្រើប្រាស់ ដីកសិកម្ម ការកើនឡើងនៃការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់ សត្វល្អិត ពិតជាបាននាំឲ្យ មានគុណ វិបត្តិយ៉ាងធ្ងន់ធ្ងរ ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ព្រមជា មួយការរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់ រួមទាំង កម្ពុជាមានការថយចុះ មូលហេតុពីការ ធ្លាក់ចុះ នៃតម្រូវការទីផ្សារ និងការកើនឡើងតម្លៃ ដឹកជញ្ជូនសម្រាប់ការនាំចេញ ។

លោក បានថ្លែងថា «ជារួម និងមិនអាចចៀសវាងបាន ការបម្រែបម្រួលអាកាសធាតុបាន ជះឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យកសិកម្មកម្ពុជា ដែលប៉ះពាល់ដល់ សន្តិសុខស្បៀង និងជីវភាពរស់របស់ប្រជាពលរដ្ឋ នៅជនបទ ហើយ នៅថ្ងៃអនាគតសម្រាប់រយៈពេល ២០២៥ – ២០៥០ តំបន់កសិកម្មភាគច្រើន នៃប្រទេសកម្ពុជា អាចបន្តជួបនឹងហានិភ័យ ដោយគ្រោះរាំងស្ងួត ហើយ នៅក្រោមសេណារីយ៉ូ នៃការបំភាយឧស្ម័នខ្ពស់ (SREAS-A2) ទិន្នផលកសិកម្ម នឹងរងផលប៉ះពាល់ផងដែរ ជាក់ស្តែងផលប៉ះពាល់លើ វិស័យកសិកម្មបណ្តាលមកពីគ្រោះ មហន្តរាយ ដោយទឹកជំនន់មានប្រមាណ ៦២% និងគ្រោះរាំងស្ងួត ៣៦% ជាពិសេសកសិករ ខ្នាតតូចងាយរងគ្រោះ ដោយសារការពឹងផ្អែក លើទឹកភ្លៀង និងការមិនអាចផ្លាស់ប្តូរមុខ ដំណាំឲ្យស្របទៅតាមបម្រែបម្រួល អាកាសធាតុជាសកល»។

ផ្ទាំងពាណិជ្ជកម្ម

លោក បានបន្ដថា កំណើន ប្រជាជនបានធ្វើឲ្យការ ផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ពីគម្របព្រៃឈើ ទៅជាដីកសិកម្ម និងការបង្វែរកសិកម្ម បែបប្រពៃណី ទៅជាកសិកម្ម ប្រពលវប្បកម្ម ឬប្រព័ន្ធ កសិកម្មចម្រុះ កំណើនតម្រូវការកសិផល នៅលើទីផ្សារក្នុង និងក្រៅប្រទេស បានជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរ ទៅលើគម្របព្រៃឈើ ដែលនៅសេសសល់តិចតួច ជីវចម្រុះ ការសឹករេចរិល និងការបាត់បង់គុណភាពដី ហើយពិតណាស់ បើគ្មានអន្តរាគមន៍បន្ទាន់ ច្បាស់លាស់ ពិតប្រាកដណាមួយ ដើម្បីកាត់បន្ថយផល ប៉ះពាល់ទាំងនេះទេ ការប្រែប្រួលអាកាសធាតុ នឹងបន្តឥទ្ធិពលយ៉ាងខ្លាំង តាមរយៈការថយចុះនៃទឹកភ្លៀង គ្រោះរាំងស្ងួត ការកើនឡើងកំដៅ ការហូរច្រោះដី ទឹកជំនន់ និង ការរអិលបាក់ដី ដែលជាហេតុចំបងប៉ះពាល់ ដល់ទិន្នផលកសិកម្ម ជាប្រាកដ ។

លោក បានបន្ថែមថា ការស្ដារគុណភាពដី ការអភិរក្សប្រភពទឹក ព្រៃឈើធម្មជាតិ គឺជាតម្រូវការចាំបាច់បំផុតដើម្បីជំរុញនិរន្តរភាពកសិកម្ម និងរួមចំណែកដល់ការបន្សាំ និងកាត់បន្ថយការប្រែប្រួល អាកាសធាតុ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា នាពេលអនាគត ការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយភាពច្នៃប្រឌិត អភិរក្ស ការប្រើប្រាស់បច្ចេកវិទ្យា សមស្រប ឆ្លាតវៃ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមទាំងនេះ និងស្របតាមចក្ខុវិស័យអាស៊ាន និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យឆ្នាំ ២០១៦-២០២៥ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការបានចូលរួម ក្នុងការលើកកម្ពស់ផលិតកម្ម កសិកម្ម ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងធានាសន្តិសុខស្បៀង៕

To Top