ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវនិងតាមដានភូមិសាស្រ្តនយោបាយបានបកស្រាយពន្យល់ពីមូលហេតុដែលបណ្ដាលឱ្យកម្ពុជាទទួលបានឯករាជ្យពីបារាំងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។
តាមរយៈគេហទំព័រហ្វេសប៊ុក លោក ឥន សុផល បានចោទសួរ និងបកស្រាយពីកត្តាដែលនាំឱ្យកម្ពុជាទទួលបានឯករាជ្យពីបារាំងដូចតទៅ៖
១.តើកងជីវពលខ្មែរអាចយកកាំភ្លើងឈើវ៉ៃបារាំងរហូតទទួលបានឯករាជ្យមែនទេ? ឬគ្រាន់តែស្រែកទាមទារបារាំងប្រគល់ឯករាជ្យឱ្យខ្មែរនោះ?
២.សមរភូមិ Dien Bien Phu ជាជម្រើសចុងក្រោយរបស់បារាំង ដើម្បីទប់ទល់ជាមួយវៀតមិញ រង់ចាំសេចក្តីសម្រេចរបស់សន្និសីទហ្សឺណែវ ហេតុនេះបារាំងបានដកកងទ័ពពីឡាវ និងកម្ពុជាទៅទប់ទល់នៅសមរភូមិ Dien Bien Phu ពេលនោះបារាំងបានប្រគល់ឯករាជ្យឱ្យឡាវនៅថ្ងៃទី២២ តុលា ១៩៥៣ ពីរសប្តាហ៍ក្រោយមកនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ បារាំងបានប្រគល់អំណាចកងទ័ពឱ្យកម្ពុជា ឆ្លៀតឱកាសនោះ សម្តេច នរោត្តម សីហនុ បានប្រកាសឯករាជ្យជាឯកតោភាគី និងក្លាយជាព្រះបិតាឯករាជ្យជាតិរហូតមក។
៣.បារាំងបានសុំឱ្យអាមេរិក ទម្លាក់គ្រាប់បែក Nuclear នៅ Dien Bien Phu ប៉ុន្តែអាមេរិក បដិសេធ ព្រោះដឹងថាបារាំងមិនអាចទប់ទល់ជាមួយកុម្មុយនីស្តបានទេ ហេតុនេះក៏អំពាវនាវឱ្យមានសន្និសីទអន្តរជាតិមួយឡើងដើម្បីឱ្យបារាំងដកកងទ័ពចេញពីឥណ្ឌូចិនដោយមានកិត្តិយស។
ប៉ុន្តែវៀតមិញ ពុំបានផ្តល់ឱកាសឱ្យទេ គឺនៅពេលបារាំងដកកងទ័ពពីឡាវ និងកម្ពុជា វៀតមិញក៏បានដកកងទ័ពពីកម្ពុជា ដែលក្នុងនោះមានខ្មែរវៀតមិញជាង៣.០០០នាក់ទៅជួយវៀតមិញវ៉ៃបារាំងនៅ Dien Bien Phuដែរក្នុងនោះមានលោកសឺង ង៉ុកមិញ, ទូ សាមុទ, ប៉ែន សុវណ្ណ, កែវ ចិន្តា…..។
៤.មេទ័ពកំពូលរបស់វៀតមិញគឺលោក Vo Nguyen Giap បានរៀបចំយុទ្ធសាស្ត្រវាយកម្ទេចកងទ័ពបារាំងនៅ Dien Bien Phu ឱ្យបានមុនថ្ងៃកិច្ចប្រជុំអន្តរជាតិនៅហ្សឺណែវ ដូច្នេះកងទ័ពវៀតមិញ វ៉ៃបង្ហូរឈាមនៅសមរភូមិចុងក្រោយរយៈពេល៥៨ថ្ងៃ គឺវ៉ៃកម្ទេចកងទ័ពបារាំងនៅថ្ងៃទី៧ ឧសភា មួយថ្ងៃមុនកិច្ចប្រជុំអន្តរជាតិចាប់ផ្តើមនៅថ្ងៃទី៨ ឧសភា ឆ្នាំ១៩៥៤ ដូច្នេះបារាំងបរាជ័យ គ្មានការចរចា។
៥.សន្និសីទហ្សឺណែវ ក៏បានប្រកាសប្រគល់ឯករាជ្យជាផ្លូវការឱ្យប្រទេសទាំង៣នៅឥណ្ឌូចិនខែឧសភា ឆ្នាំ១៩៥៤ និងបញ្ជាឱ្យបារាំងដកកងទ័ព និងភ្នាក់ងារស៊ីវិលចេញពីឥណ្ឌូចិនទាំងអស់៕