នយោបាយ

លោក សយ សុភាព ៖ តំណាងប្រទេស ភ្នែកទាំង៥ ចេញមុខកាងលោក កឹម សុខា ចំៗ (Video)

ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមសារ ព័ត៌មានកម្ពុជា-ចិនបានថ្លែងថា តំណាងប្រទេសភ្នែកទាំង៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) ចេញមុខកាង លោកកឹម សុខា ចំៗ ។ ការថ្លែងរបស់លោកនេះ ក្រោយពីលោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី បានចូលជួបសម្ដែងការគួរ សមជាមួយ លោក កឹម សុខា ។

ការបញ្ចេញមតិរបស់លោក សយ សុភាពនេះ ក្នុងពេលលោកស្រី ម៉ារីស ផេន កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ។ លោកស្រីបំពេញទស្សនកិច្ច នៅកម្ពុជា២ថ្ងៃ (៨-៩វិច្ឆិកា) ក្នុងឱកាសនេះ លោកបានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក កឹម សុខា ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា «កន្លងមក យើងមើលត្រឹមតែថា ម៉េចក៏រាជរដ្ឋាភិបាល ធ្វើបាបបក្សប្រឆាំងម៉េស ប៉ុន្តែបើយើងស្វែងយល់ ពីប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រនយោបាយ បានធ្វើឲ្យយើងអាចយល់ថាអ្វីៗ មិនមែនស្ថិតលើយើងទេ ពោលវាចេញមកពីមហាអំណាចទាំងអស់ រាប់រយឆ្នាំមកហើយ»។

លោកបន្ដថា «យ៉ាងណាមិញ បច្ចុប្បន្ននេះ ចិន និងមហាមិត្តរបស់ចិនជាង៦៥ប្រទេសបាន បង្កើតប្រ៊ី ដើម្បីកសាងពិភពលោកឲ្យមានសន្តិភាព រកស៊ីមានបាន។ ដោយ ពួកប្រទេស អឺរ៉ុប កាលពីប៉ុន្មានរយឆ្នាំ កន្លងទៅបានផ្លាស់ប្តូរគ្នា ដើរដាក់អាណានិគម លើប្រទេសទន់ខ្សោយ និងហែកដីប្រទេសអាណានិគម ស្រេចតែចិត្តរបស់ពួកគេ»។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ថែមថា ដោយសតវត្សទី២០ កន្លងទៅ លេចចេញអាមេរិក និងសូវៀត ប្រជែងគ្នាត្រួតពិភពលោក ។ ទីចុងបំផុត អាមេរិកឈ្នះ ហើយពួកអឺរុបក្លាយជារណបអាមេរិក និងកូនជឹងរបស់អាមេរិក។ ឥឡូវនេះសតវត្សទី២១ លេចចេញប្រទេសចិន តំណាងអាស៊ី ជាមហាអំណាចមកប្រកួត ជាមួយអាមេរិក ហើយទំនងជាអាចឈ្នះ ទើបធ្វើឲ្យពួកគេភ្ញាក់ខ្លួនហើយប្រឹងប្រឆាំង កំទេចចិន និងមហាមិត្តរបស់ចិន មិនឲ្យលើសខ្លួន ។

លោកបញ្ជាក់ទៀតថា ពួកគេ តាមរយៈ G7 បានបង្កើត 3B(Build Back Better World) Indo-Pacifi និង AUKUS។ ទាំងអស់នេះចេញ មកពីក្រុមប្រទេសភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់)។ ប្រទេស៥នេះ និយាយភាសាអង់គ្លេសតែមួយ ហើយធ្លាប់ក្រោមការគ្រប់គ្រង អង់គ្លេសទាំងអស់ ។

លោក សយ សុភាពលើកឡើងទៀតថា ឥឡូវពួកនេះ បញ្ជូនអូស្ត្រាលីឲ្យចេញមុខប្រឆាំងចិន ហើយ មកចាប់ដៃ លោក កឹម សុខា នេះជាការបញ្ជាក់ថា លោក កឹម សុខា ជាកូនជឹងយូរហើយៗ ដើមរឿងក៏ចេញពីទឹកដីអូស្ត្រាលីផងដែរ ទីកន្លែងដែលលោក កឹម សុខា រៀបចំផែនការផ្តួលសម្តេច ហ៊ុន សែន ចេញពីអំណាច។ តាមរយៈការជួបផ្ទាល់ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេស និង កិច្ចការនារី បានបង្ហាញថា នេះហើយមហាអំណាចប៉ះគ្នា ពិសេសក្រុមប្រទេស៥ និងចិនតែម្តងដែលពួកនេះ បាននិងកំពុងចោទថា រាជរដ្ឋាភិបាលលំអៀង ទៅរកចិន។

លោកគូសបញ្ជាក់ថា «ដូច្នេះ សូមជនជាតិខ្មែរ ពិតប្រាកដដែលមានឈាមជ័រមកពីមហានគរ គួរស្វែងយល់ ។ យើងមិនទាន់ដឹងទេថា តើវាសនា កឹម សុខា អាចមានសេរីភាពពេញលេញ ឬក៏នៅត្រឹមនេះ វាអាស្រ័យលើប្រទេសមហាអំណាចភ្នែក៥ តែបើលោក កឹម សុខា និយាយចេញពីចិត្តស្មោះ ថា មានតែខ្មែរទេ ដែលចេះស្រលាញ់គ្នានោះគាត់ អាចមានវាសនាល្អ តែបើនិយាយថា មានតែប្រទេសភ្នែក៥ទេ ដែលអាចជួយគាត់បាននោះ វាសនាអនាគតនយោបាយ និងចប់ត្រឹមនេះ ។ និយាយឲ្យចំតែម្តង មានតែ រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន និង ព្រះមហាក្សត្សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទេ ដែលអាចជួយស្រោចស្រង់ វាសនាលោក កឹម សុខាបាន» ៕

To Top
×