ភ្នំពេញ ៖ ជាថ្មីម្តងទៀតលោក សម រង្ស៊ី តាមរយៈកូនចៅជំនិតរបស់លោក គឺលោក គង់ សាភា បានប្រកាសថា លោក សម រង្ស៊ី នឹងវិលចូលស្រុកខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ ដោយមិនខ្វល់ពីការលើកលែងទោស អ្វីនោះទេ ។ ចំពោះការប្រកាសនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនជំទាស់ទេ ឲ្យតែលោក សម រង្ស៊ីមានភាពក្លាហានចូល ។ ទោះជាយ៉ាងណាលោក សុខ ឥសាន ថា គ្មានជំនឿនឹងចូលមកទេ ព្រោះនេះ ជាការប្រកាសក្នុងផ្លូវអារម្មណ៍ ។

ការប្រកាសចូលស្រុករបស់លោក សម រង្ស៊ីនេះ មិនមែនជាលើកដំបូងនោះទេ រាប់ទាំងលើកនេះទៀត៣លើកហើយ ដោយលើកទី១ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ , លើកទី២ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ និងលើកទី៣នេះ ប្រកាសឡើងនាថ្ងៃ១០ វិច្ឆិកា នេះតែម្តង ។ តើលើកទី៣ នេះ ការប្រកាសរបស់លោកពិតប្រាកដឬយ៉ាងណា ? ឬគ្រាន់តែជាការប្រកាសខ្យល់ និងប្រកាសក្នុងផ្លូវអារម្មណ៍ដូចលោក សុខ ឥសាន ថាមែន?។
លោក គង់ សាភា ដែលគេគ្រប់គ្នាដឹងថា ជាកូនប្រុសម្នាក់របស់លោក គង់ គាំ នោះមិនបានបញ្ជាក់ ថ្ងៃណាច្បាស់លាស់ពីលោក សម រង្ស៊ីវិលមកទេ ។ លោកគ្រាន់តែបញ្ជាក់ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១០ វិច្ឆិកា ថា “លោកប្រធាន សម រង្ស៊ី បានបញ្ជាក់គោលដៅយ៉ាងច្បាស់លាស់ថា លោកនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ លោកមិនខ្វល់ពីការលើកលែងទោសពីលោក ហ៊ុន សែន ទេពីព្រោះលោកមិនមានទោសកំហុសអ្វីទេ ។ លោកប្រធានមិនខ្វល់ពីការលើកលែងទោសពីព្រះមហាក្សត្រនោះទេ” ។
លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១០ វិច្ឆិកាថា កាលពីលោកសម រង្ស៊ីនិរទ្ទេសខ្លួនឯង ទៅក្រៅប្រទេសគ្មានអ្នកណាហាមឃាត់ទេ អីចឹងការប្រកាសចូលស្រុកនេះ គឺជាភាពក្លាហានរបស់លោក សម រង្ស៊ីហើយ តែឲ្យតែលោក សម រង្ស៊ីឈានជើងចូលដីកម្ពុជាពេលណានោះ គឺអនុវត្តតាមច្បាប់ហើយ ព្រោះលោក សម រង្ស៊ីមានសំណុំរឿងជាច្រើននៅក្នុងដៃតុលាការ ។
លោកសង្កត់ធ្ងន់ថា “បើគាត់(លោក សម រង្ស៊ី)ក្លាហានពិតប្រាកដមែន គាត់ចូលហើយ ។ រដ្ឋអំណាច ក៏ដូចជារាជរដ្ឋាភិបាលគឺអនុវត្តផ្លូវច្បាប់ ពីព្រោះបុគ្គលហ្នឹង គឺមានដីកាចាប់ខ្លួនរួចហើយ ។ ដូច្នេះមានវត្តមាននៅក្នុងប្រទេស គឺគេអនុវត្តច្បាប់របស់ប្រទេសហើយ” ។

ប៉ុន្តែទោះបីជាយ៉ាងណាលោក សុខ ឥសាន ក៏គ្មានជំនឿថា លោក សម រង្ស៊ីហ៊ានចូលស្រុកនោះដែរ ព្រោះការប្រកាសរបស់លោកនេះ ជាការប្រកាសក្នុងអារម្មណ៍តែប៉ុណ្ណោះ។
លោកថា “ពីរទៅបីលើកហើយមានឃើញមកទេ(លោក សម រង្ស៊ី) ។ គាត់ថា គាត់មកក្នុងអារម្មណ៍ ។ អាគាត់ថា មកហ្នឹង ជាជោគជ័យរបស់គាត់ចូលស្រុកក្នុងអារម្មណ៍ដូច្នេះហើយ ក្នុងអារម្មណ៍ហ្នឹងវា អត់មានមនុស្សមកទេ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ីបានប្រកាសចូលស្រុកម្តងរួចមកហើយ តែបរាជ័យក្រោមហេតុផលថា គេរាំងស្ទះមិនឲ្យចូលស្រុក ។

ក្នុងខួប២ឆ្នាំ នៃគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ីនេះ កាលពីថ្ងៃ៨ វិច្ឆិកា លោក សម រង្ស៊ីបានលើកឡើងថា “ថ្ងៃ៩ វិច្ឆិកា ២០២១ នេះ គឺជាខួបទី២ នៃការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍ របស់លោក ថ្ងៃ៩ វិច្ឆិកា ២០១៩។ ទោះជាការប៉ុនប៉ងនេះ មិនបានសម្រេចយ៉ាងណាក៏ដោយ ប្រជារាស្ត្រខ្មែរ និងពិភពលោកទាំងមូល បានឃើញយ៉ាងច្បាស់ថា មិនមែនលោកទេ ដែលមានការភ័យខ្លាច តែសម្តេច ហ៊ុន សែន ទៅវិញទេ ដែលមានការភ័យខ្លាច ដោយគាត់បានប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់មាតុភូមិនិវត្តន៍ របស់លោកនេះ” ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
