ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ បានបកស្រាយ អំពីនយោបាយការបរទេសរបស់ក្រុមប្រទេសមហាអំណាច ដែលថ្មីនេះបានបង្កើត នូវសម្ព័ន្ធត្រីភាគី AUKUS (អង់គ្លេស អាមេរិក អូស្រ្តាលី) ។ក្នុងនោះលោក ឥន សុផល បានដាក់ជាសំនួរថា តើកម្ពុជា អាចឆក់យកឱកាសអ្វីខ្លះ ពីសម្ព័ន្ធត្រីភាគី នេះ?។

សូមបញ្ជាក់ថា អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសពីភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។ ក្នុងនោះ អង់គ្លេស និងសហរដ្ឋអាមេរិក នឹងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ ដែលមានភាពរស៊ើបខ្លាំង ជាមួយអូស្ត្រាលី។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ប្រមុខខការទូតអូស្រ្តាលី លោកស្រី ម៉ារីស ផែន បានអះអាងប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីគោលបំណងរបស់ខ្លួនចូលក្នុងសម្ព័ន្ធត្រីភាគី “AUKUS” គឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់នោះទេ។

នៅលើគេហទំព័រហ្វេសប៊ុក លោក ឥន សុផល បានសរសេររៀបរាប់ យ៉ាងដូច្នេះថា «ឈ្វេងយល់ពីនយោបាយការបរទេស របស់ក្រុមប្រទេសមហាអំណាច!»
១.សម្ពន្ធត្រីភាគីអង់គ្លេស, អាមេរិក និងអូស្ត្រាលី ទើបតែចាប់កំណើត ប៉ុន្តែមានសន្ទុះគួរឱ្យចាប់អារម្ភ បច្ចុប្បន្នមានប្រមុខការទូតជាស្ត្រីឆ្នើម ពីររូប កំពុងមានវត្តមាន នៅតំបន់អាស៊ីអាគ្មេយ៍ តើពួកគេចង់បានអ្វី? តើកម្ពុជា អាចឆក់យកឱកាសអ្វីខ្លះពីសម្ពន្ធត្រីភាគីនេះ?

២.សម្ពន្ធត្រីភាគីនេះ គ្រាន់តែបន្ថែមកម្លាំងម៉ាស៊ីន ទៅលើយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលបានកំណត់រួចហើយគឺ “China’s Economic Slowdown” ដែលគោលដៅចម្បងពង្រីកឥទ្ធិពល ទៅលើប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិន បន្ទាប់មកនឹងជំរុញការវិនិយោគទៅលើប្រទេសទាំងពីរនេះ ដើម្បីទប់ទល់ផលិតផលចិន។

៣.មេដឹកនាំយោធាលោក Thein Sen បានលង់ខ្លួនចុះកិច្ចព្រមព្រៀង លើគម្រោងអភិវឌ្ឍចំនួន៩ ធ្វើឱ្យឥទ្ធិពលចិនគ្របដណ្តប់ មកលើមីយ៉ាន់ម៉ាស្ទើរតែទាំងស្រុង។ ដូច្នេះដើម្បីរំដោះខ្លួនចេញឱ្យឆ្ងាយពីចិន លោក Thein Sen ត្រូវតែចាកចេញពីតំណែង ទុកឱ្យលោកស្រី Aung San Suu Kyi ធ្វើជាមេដឹកនាំរដ្ឋាភិបាលម្តង។

៤.ដោយសារការប្រជែងរវាងចិន និងអាមេរិក ទើបធ្វើឱ្យមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ព្រោះទំនាក់ទំនងចិន និងមីយ៉ាន់ម៉ាមានកម្រិតខ្ពស់បំផុត ដែលចិនអាចទាញយកប្រយោជន៍ជាច្រើនពីប្រទេសនេះ ដូចជាប្រេង, ឧស្ម័ន និងធនធានធម្មជាតិ។ បច្ចុប្បន្នចិនបានកសាងបំពង់ប្រេង និងឧស្ម័នតភ្ជាប់ពីកំពង់ផែមីយ៉ាន់ម៉ាទៅខេត្តគុនមីង និងខេត្តណាន់នីងប្រទេសចិនមានចម្ងាយ៣.០០០គ.ម.។
៥.នៅឆ្នាំ២០២០ចិនត្រូវការប្រេងចំនួន ៥៩០ Million metric tons ដើម្បីបង្កើតល្បឿនសេដ្ឋកិច្ចរបស់ខ្លួន។ ក្រុមហ៊ុនចិនឈ្មោះ China National Petroleum Company(CNPC) បានវិនិយោគលើគម្រោងបំពង់ប្រេងនេះ បានចំណាយប្រាក់អស់ជាង ៨ billion dollarsនៅឆ្នាំ២០១០ ហើយត្រូវបញ្ចប់នៅឆ្នាំ២០១១។ បើគិតមកត្រឹមឆ្នាំ២០១៣ បំពង់ប្រេងនិងឧស្ម័ននេះ បាននាំប្រេងកាតចំនួន២២លានតោន និងឧស្ម័នចំនួន១២ billionម៉ែត្រគូប មកពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ទៅប្រទេសចិនក្នុងមួយឆ្នាំៗ។ ដូច្នេះតើតោចិន សុខចិត្តឱ្យខ្លាអាមេរិក មកដណ្តើមសាច់ចេញពីមាត់ទេ?
៦.ពេលនេះតោ និងខ្លា កំពុងសម្លឹងមើលពីតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និងជាប្រទេសតូចមួយ តែមានមេដឹកនាំរឹងមាំ ច្បាស់លាស់ ហេតុនេះកម្ពុជាអាចឆក់យកឱកាសនេះ ដើម្បីឱ្យសហរដ្ឋអាមេរិក, អង់គ្លេស និងអូស្ត្រាលី ពិចារណាបន្ថែមទៀតលើការផ្តល់ GSP សម្រាប់កម្ពុជា នឹងដើម្បីឈានទៅរកពាណិជ្ជកម្មសេរីជាមួយសម្ពន្ធត្រីភាគីនេះ៕
