ភ្នំពេញ ៖ ក្រោយបុរសម្នាក់ឈ្មោះ ធា ចិត្ត្រា ជាម្ចាស់អាខោនហ្វេសប៊ុក Trā JīRø ដែលបានខំមិនថា បើគ្មានលុយ គ្រប់គ្រាន់ទេ ក្រុមកងកម្លាំង ពន្លត់អគ្គិភ័យ នឹងមិនព្រមបាញ់ពន្លត់ភ្លើង ក្នុងករណីឆេះផ្ទះរបស់ប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ ត្រូវបានក្រុមសមត្ថកិច្ចហៅមកសួរនាំ ហើយរូបគេក៏បាន ទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ។
ករណីអគ្គិភ័យ ដែលបុរសខាងលើខំមិននោះ កើតឡើងក្នុងបុរីពិភពថ្មី ចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។ បុរសនោះបានខំមិនមានន័យថា “រកលុយសិន បើលុយមិនដល់គឺមិនបាញ់ទេ” ។ ចំណែកឯមួយទៀត “ចាំលុយបានបាញ់” ។
ក្រោយឃើញបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីស្រាយបំភ្លឺថា គឺជាព័ត៌មានមិនពិត និងជាការប្រមាទមើលងាយ មកលើកម្លាំង សមត្ថកិច្ចពន្លត់អគ្គិភ័យ ហើយបុរសនេះក៏ត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងបានសុំទោស ជាសាធារណៈនូវកំហុសរបស់ខ្លួន ។
យោងតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃ១០ វិច្ឆិកា នេះបានឲ្យដឹងថា ហ្វេសបុកផេក Trā JīRø ដែលបានសរសេរខុស ពីការពិតបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើ កងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការ អន្តរាគមន៍ជួយ សង្គ្រោះប្រជាពលរដ្ឋ ជាពិសេសបុគ្គលមួយចំនួន តែងតែមានបំណងអាក្រក់បំពុល បរិយាកាសសង្គម និងបង្ខូចកិត្តិយស របស់កងកម្លាំង ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច ការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាល រាជធានីភ្នំពេញ បានកោះហៅឈ្មោះ ធា ចិត្ត្រា ចូលខ្លួនមកបំភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូ សុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេស សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ ៕