ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងថា សារៈសំខាន់ អក្ខរកម្មឌីជីថល ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។
ក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាល អក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ថោង ខុន បានថ្លែងថា «សារៈសំខាន់នៃ អក្ខរកម្មឌីជីថល ដែលដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ ដល់ការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងចូលរួមពង្រឹងនិរន្តរភាព និងឧត្តមភាពប្រកួតប្រជែង នៃវិស័យទេសចរណ៍ជាតិ តាមរយៈការទាញយកសក្តានុពល ពីការប្រើប្រាស់បច្ចេកវិទ្យា បំរើដល់ការគ្រប់គ្រង និងការអភិវឌ្ឍ នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទ នៃបដិវត្តន៍ឧស្សាហកម្ម ៤.០»។
លោកបន្ដថា ជាក់ស្តែង បច្ចេកវិទ្យាកំពុងមានការ រីកចម្រើនយ៉ាងឆាប់រហ័ស និងបានជ្រៀតចូលយ៉ាងជ្រៅ ក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជា ទំនាក់ទំនងរវាងកោសិកា គ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងលើកត្តា ផលិតកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ រួមទាំងវិស័យទេសចរណ៍ផងដែរ ។
ដើម្បីជំរុញយុទ្ធនាការ អក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា សម្រេចបានជោគជ័យ លោករដ្ឋមន្រ្តី បានលើកឡើង នូវអនុសាសន៍ ចំនួន៣ រួមមាន ៖ ទី១-បន្តរៀបចំវគ្គ បណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតលើអក្ខរកម្មមូលដ្ឋាន និងអក្ខរកម្មជំនាញ ឆ្លើយតបតម្រូវការ នាពេលបច្ចុប្បន្ន និង អនាគត ស្របតាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តន៍ ឧស្សាហកម្ម ៤.០ ,ទី២-ជំរុញឲ្យមានការទទួលយក និងការប្រើប្រាស់ ប្រព័ន្ធបច្ចេក វិទ្យា ឲ្យបានទូលំទូលាយ នៅក្នុងគ្រប់ខ្សែ ច្រវាក់តម្លៃនៃវិស័យ ទេសចរណ៍កម្ពុជា ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ និងទី៣-ជំរុញការធ្វើទំនើបនីយកម្មមធ្យោបាយ ផ្ដល់ព័ត៌មានទេសចរណ៍ ទាំងសម្រាប់ទីផ្សារ ទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុង ដោយប្រើប្រាស់ថ្នាលឌីជីថល ។
នាឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ នៃរដ្ឋសភា ជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានចូលរួមមតិយោបល់ មួយចំនួន ដើម្បីជំរុញអក្ខរកម្មឌីជីថល នៅកម្ពុជា រួមមាន ៖ បន្តពង្រឹងការបណ្តុះបណ្តាល ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីការសិក្សានៅកម្រិតមូលដ្ឋាន មធ្យមសិក្សាទុតិយភូមិ ជាពិសេស បន្តជំរុញការស្រូបយក និងការសម្របខ្លួន ដោយបំផុសចលនាឱ្យប្រជាពលរដ្ឋ គ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និង សម្របខ្លួន ទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម និងអាចស្វែងរកធនធាន បន្ថែមដែលមាន នៅលើអ៊ីនធឺណិត។
លោកថា បន្តពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ទាំងសាលាចំណេះទូទៅ សាលាវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលការអប់រំ ផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៅក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការពង្រឹងសមត្ថភាព ព្រមទាំង បន្តអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធគាំទ្រ ពិសេសបណ្តាញព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់នវានុវត្តន៍ និងការពង្រឹងចំណេះ និងជំនាញឌីជីថលនៅកម្ពុជា៕