ព័ត៌មានជាតិ

អាជ្ញាធរមីន សំណូមពរ UNDP បន្ដកៀរគរ ធនធានបន្ថែម ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ របស់ពលរដ្ឋ តាមរយៈការ បោសម្អាតមីន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសំណូមពរ ប្រធាន UNDP ថ្មី ប្រចាំកម្ពុជា បន្តជួយកៀរគរ ធនធានបន្ថែម ពីសហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោកទេសរដ្ឋមន្ដ្រី លី ធុជ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Alissar CHAKER ប្រធាន UNDP ថ្មី ប្រចាំនៅកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះ UNDP ដែលបានចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះ ចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ២០០៦ តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដែលរហូតមកដល់ពេលនេះ គឺជាការអនុវត្តគម្រោងដំណាក់កាលទី៤។

លោក បានបន្ដថា ចាប់ពីឆ្នាំ ២០០៦ ដល់ខែកញ្ញា ឆ្នាំ២០២១ គម្រោងនេះ បានចូលរួមបោសសម្អាតផ្ទៃដីប្រមាណ ២៧៥ គីឡូម៉ែត្រក្រឡា សម្រាប់យកមកប្រើប្រាស់ដើម្បីបង្កបង្កើនផល និងសាងសង់លំនៅឋាន ដោយសហគមន៍ដែលរងផលប៉ះពាល់ ព្រមទាំង បានរកឃើញ និងកំទេចគ្រាប់មីនប្រឆាំងមនុស្ស ចំនួន៧១,៨៤៩ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន១,៥១៥ គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន២១៤,៥៤២ និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទ ចំនួន ១,០៧៨,០២២ នាក់ ក្នុងនោះ ៥០% គឺជាអ្នកទទួលផលជាស្ត្រី។

លោក បានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានសំណូមពរ ឲ្យលោកស្រី Alissar CHAKER បន្តជួយកៀរគរ ធនធានបន្ថែម ពីសហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋាន ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមានសុវត្ថិភាព តាមរយៈការចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា»។

ជាការឆ្លើយតប លោកស្រី Alissar CHAKER បានបង្ហាញពីទឹកចិត្តសប្បាយរីករាយ ដែលបានចូលរួមធ្វើការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង បានតាំងចិត្តបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាល ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ឈានឆ្ពោះទៅរកការបញ្ចប់ការ គម្រាមកំហែង ដោយសារមីន ឆ្នាំ២០២៥ ខាងមុខនេះ ៕

To Top