ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ស្នើកូរ៉េ ជួយពិនិត្យបញ្ហាប្រឈមកម្ពុជា កង្វះខាតបច្ចេកវិទ្យា ផលិតស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វក្នុងស្រុក

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើក្រុមការងារបេសកកម្មកូរ៉េ ជួយពិនិត្យបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការផលិតស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វក្នុងស្រុក។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និងលោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់កិច្ចសហ ប្រតិបត្តិការល្អប្រសើជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេ សក្នុងវិស័យកសិកម្ម ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ក្រោយទទួលបានការភ្ជាប់ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពី នៅឆ្នាំ១៩៩៧។

លោកបានបញ្ជាក់ថា «ស្នើសុំឲ្យក្រុមការងារបេសកកម្ម កូរ៉េជួយពិនិត្យមើល ពីបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកដែលអាចទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងសត្វនៅកម្ពុជានាពេលខាងមុខ»។

ជាកិច្ចឆ្លើយតប តំណាងក្រុមបេសកកម្មកូរ៉េ បានយល់ព្រមទទួលយកសំណូមពររបស់ លោករដ្ឋមន្រ្តី ហើយបានសន្យាថា នឹងធ្វើការសិក្សារួមបញ្ជូល ទៅក្នុងគម្រោង ដើម្បីចូលរួមចំណែកក្នុងការ លើកកម្ពស់សុខុមាលភាព ប្រជាជនកម្ពុជា និងបម្រើដល់ការនាំចេញសាច់សត្វ របស់កម្ពុជានាពេលអនាគត។

នាឱកាសនោះដែរ លោក Cho Jaejin បានធ្វើសេចក្តីរាយការណ៍ សង្ខេបពីចំណុចសំខាន់ៗ នៃគម្រោងដែលត្រូវចុះពិនិត្យ វាយតម្លៃ និងគ្រោងថវិកាគម្រោង នៅពេលខាងមុខនេះ ដូចជា៖ កូរ៉េគ្រោងនឹងផ្តល់ជំនួយ មកប្រទេសកម្ពុជា តាមរយៈគម្រោងសាងសង់ មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ គុណភាពផលិតផលបសុសត្វ និងសារធាតុគីមីលើផលិតផលសត្វ និងកាកសំណល់បសុឱសថ នៅក្នុងផលិតផលសត្វ និងសត្វ ដើម្បីចូលរួមចំណែកក្នុងការ លើកកំពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផល សត្វដែលមានសុវត្ថិភាព និងលទ្ធភាពការនាំចេញ ផលិតផលសត្វនាពេលអនាគត។

លោកបន្ដថា រយៈពេលនៃការអនុវត្តគម្រោងពីឆ្នាំ ២០២៣ ដល់ ២០២៧ តាមការប៉ាន់ស្មានថវិកាជាបឋម គឺត្រូវការថវិកា ចំនួន ៨ ០០០ ០០០ ដុល្លារអាមេរិក ដោយផ្តោតទៅលើលើការងារធំៗ ចំនួន៣៖ រួមមាន៖ ពង្រឹងសមត្ថភាពធនធានមនុស្ស លើការងារគ្រប់គ្រងបសុសត្វ និងសាច់សត្វ, ពង្រឹងសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ ហើយនិងបទដ្ឋានគិតិយុត្តក្រោមច្បាប់, ការកសាងវិទ្យាស្ថានជាតិបសុសត្វ នៅកម្ពុជា ៕

To Top