ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឲ្យប្រទេស អូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទែស និងជំនាញការនៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្រ្តនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺ ដែលកើតមានឡើងនៅពេលអនាគតនោះ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ថ្លែងក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមរយៈវិដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានមើលឃើញថា ប្រទេសអូស្ត្រាលី គឺបានប្តេជ្ញាចិត្តក្នុងការកសាងភាពធន់ និងសមត្ថភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាតនោះ សម្តេចបានជំរុញ «ឱ្យប្រទេសអូស្ត្រាលី ជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទេស និងជំនាញការ នៅក្នុងវិស័យស្រាវជ្រាវនិងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្ត្រនានា ដល់កងទ័ព នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួន ប្រឈមមុខនឹងជំងឺឆ្លង ដែលអាចកើតឡើង នៅថ្ងៃអនាគត»។
ប្រមុខការពារជាតិកម្ពុជា ក៏បានជឿជាក់ផងដែរថា ប្រទេសអូស្ត្រាលីនឹងបន្តផ្តល់ការគាំទ្រ ដល់តួនាទីជាស្នូលរបស់អាស៊ាន និងនិម្មាបនកម្មសន្តិសុខអាស៊ាន។
សម្តេចសង្ឃឹមផងដែរថា អូស្ត្រាលីនឹងបន្តគាំទ្រភាពជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន របស់កម្ពុជា នៅឆ្នាំក្រោយនេះ ដោយការគាំទ្រនេះ នឹងជួយយើងក្នុងការកសាងភាពធន់ របស់តំបន់ ដើម្បីដោះស្រាយបញ្ហារួមដ៏ស្មុគស្មាញ និងជួយដល់ដំណើការស្តារឡើងវិញ របស់យើងទាំងអស់គ្នា បន្ទាប់ពីជំងឺកូវីដ-១៩ផុតរលត់ទៅជាដើមនោះ។

នៅក្នុងកិច្ចប្រជុំចង្អៀតនេះដែរ សម្តេច ទៀ បាញ់ ដែលជាប្រធានសម្រាប់កិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាម២០២២នេះ ក៏បានលើកឡើងផងដែរថា ចំណុចអទិភាពមួយចំនួន ដែលកម្ពុជាបានដាក់ចេញ សម្រាប់ការបំពេញភារកិច្ច ជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានឆ្នាំ២០២២នោះ គឺស្របគ្នាជាមួយនឹងចំណុចអាទិភាពទាំង៨ របស់អូស្ត្រាលី សម្រាប់កិច្ចសហប្រតិបត្តិការ ការពារជាតិ នៅក្រោមក្របខណ្ឌចក្ខុវិស័យអូស្ត្រាលី ឆ្នាំ២០២០ ក្នុងការធ្វើទំនាក់ទំនង យោធាជាមួយនឹងអាស៊ាន។
ចំណុចទាំងនោះរួមមាន កិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងវិស័យដែលមានលក្ខណៈឆ្លងដែន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងចក្ខុវិស័យក្នុងការពង្រឹងតួនាទីរបស់ស្ត្រី និងការចូលរួមរបស់ពួកគេ នៅក្នុងដំណើរការសន្តិភាពនិងសន្តិសុខ ពោលគឺការបង្កើនការចូលរួមរបស់ស្ត្រីអាស៊ាន នៅក្នុងបេសកកម្មរក្សាសន្តិភាពដែលដឹកនាំដោយអង្គការសហប្រជាជាតិ។
ទាក់ទិនទៅនឹងចំណុចនេះ ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ចំណុចអាទិភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២២ និងចំណុចអាទិភាពរបស់អូស្ត្រាលី នឹងជួយពង្រឹងគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព។ ពិសេសជាងនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាននិងអូស្ត្រាលី ក្នុងការពង្រឹងតួនាទីស្ត្រីនៅ ក្នុងដំណើរការសន្តិភាពនិងសន្តិសុខ គឺនឹងចូលរួមចំណែកយ៉ាងធំធេង ដល់ការសម្រេចឱ្យបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ ស្តីអំពី “ស្ត្រី សន្តិភាព និងសន្តិសុខ”៕
