ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា៖ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាកង្វល់ដ៏ធំ សម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញឱ្យអាស៊ានត្រូវបន្តរក្សាប្រពៃណីនៃកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយនឹងដៃគូខាងក្រៅ ដោយផ្អែកលើការឯកភាពផ្ទៃក្នុង ខណៈដែលការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន នៅតែជាកង្វល់ដ៏ធំ ដែលអាចនឹងបង្កជាផលប៉ះពាល់ ដល់សន្តិភាព និងស្ថិរភាពតំបន់។

ថ្លែងក្នុងឱកាស ចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចែករំលែកទស្សនៈស្តីពីអនាគតរបស់ ADMM ដោយផ្តោតលើតួនាទី និងកិច្ចសហប្រតិបត្តិការយោធាអាស៊ាន លើវិស័យចម្បងចំនួនបីរួមមាន​៖
១) ការចូលរួមរបស់កងទ័ពក្នុងការដោះស្រាយបញ្ហាប្រឈម នៃកូវីដ-១៩
២) តួនាទីរបស់កងទ័ពក្នុងប្រតិបត្តិការសង្គ្រោះគ្រោះហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ
៣) ការលើកកម្ពស់តួនាទី និងការចូលរួមរបស់ស្រ្តីក្នុងការរក្សាសន្តិភាព សម្តេចពិជ័យសេនាក៏បានលើកទឹកចិត្តឱ្យ មានការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមស្ថាប័នការពារជាតិអាស៊ាន ទៅលើវិស័យទាំងនេះបន្ថែមទៀត។

កិច្ចប្រជុំបានធ្វើការផ្លាស់ប្តូរទស្សនៈ ស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយផ្តោតកិច្ចពិភាក្សាលើចំនុច សំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បញ្ហាសន្តិសុខ ប្រព័ន្ធអ៊ិនធើណែត ការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ ការជួយសង្គ្រោះគ្រោះមហន្តរាយ បញ្ហាភេរវកម្ម រួមទាំងបញ្ហាប្រឈម ផ្សេងៗ ដែលអាចកើតឡើងដោយសារការផ្លាស់ប្តូរនៃស្ថានការណ៍សន្តិសុខយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក។

ក្នុងកិច្ចប្រជុំនេះ ប្រមុខការពារជាតិកម្ពុជា បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាន ចាំបាច់បំផុតក្នុងការពង្រឹងវិបុលភាព និងចីរភាពក្នុងតំបន់ និងបានជម្រុញឱ្យអាស៊ានត្រូវបន្តរក្សាប្រពៃណីនៃកិច្ចសហ ប្រតិបត្តិការពហុភាគីជាមួយនឹងដៃគូខាងក្រៅ ដោយផ្អែកលើការឯកភាពផ្ទៃក្នុង និងធានាបាននូវតួនាទីស្នូលរបស់អាស៊ាន ខណៈដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន នៅតែជាកង្វល់ដ៏ធំដែលអាចនឹងបង្កជាផលប៉ះពាល់ ដល់សន្តិភាព និងស្ថិរភាពតំបន់៕

To Top