ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ព្រមានចាត់វិធានការដាក់វិន័យ និងបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះមន្រ្តីនគរបាលដែលអវត្តមានច្រើន

បន្ទាយមានជ័យ: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានបន្តប្រជុំត្រួតពិនិត្យវត្តមានកងកម្លាំង និងពង្រឹងប្រសិទ្ធភាពរបៀបរបបធ្វើការងារប្រចាំថ្ងៃ របស់នគរបាលចំនួន៤ផែន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការដ្ឋាន ផែនការងារអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ ផែនការងារអត្តសញ្ញាណកម្ម ផែនការងារភស្តភារ -ហិរញ្ញវត្ថុ ផែនការងារអន្តោប្រវេសន៍ ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រី វរសេនីយ៍ នាយ នាយរង ការិយាល័យ និងមន្ត្រីក្រោមឱវាទជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថា ជានគរបាលត្រូវមានវិន័យ មានសីលធម៌ ទើបមានសេចក្តីថ្លៃថ្នូរ ត្រូវគោរពខ្លួនឯង គោរពបទបញ្ជាថ្នាក់ដឹកនាំតាមឋានានុក្រម អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ត្រូវធ្វើបច្ចុប្បន្នភាពពង្រឹងសមត្ថភាពចំណេះជំនាញបច្ចេកវិទ្យា ត្រូវមានគណនេយ្យភាព និង មានសាមគ្គីភាពផ្ទៃក្នុង។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថាចំពោះមន្ត្រីនគរបាលណាដែល ប្រព្រឹត្តអំពើអបាយមុខ សេរីអវត្តមានច្រើន មិនមកបំពេញការងារ តួនាទី ភារកិច្ច លោកនឹងមានវិធានការ ដាក់ពិន័យ ឬបណ្តេញចេញពីក្របខ័ណ្ឌនគរបាល ផ្អែកលើគោលការណ៍ច្បាប់ ដោយមិនយោគយល់ឡើយ៕

ដោយ ប៊ុន សំណាង

To Top