ព័ត៌មានជាតិ

ជប៉ុនផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ពង្រីកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប្រទេសជប៉ុនផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ របស់កម្ពុជា ប្រមាណជាង៦០%។

ក្នុងឱកាសអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុន លើកទី១៩ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់ប្រទេសជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ សម្រាប់អាស៊ាន និងជាដៃគូឈានមុខក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងផ្តល់ធនធានយ៉ាងច្រើន ក្នុងការគាំទ្រដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥។

លោក បានបញ្ជាក់ថា ក្នុងវិស័យដឹកជញ្ជូន ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុននាពេល នេះ បានឈានដល់កម្រិតនៃភាពចាស់ទុំ និងការយោគយល់ថ្មីមួយ ដោយសារការទំនាក់ទំនងទៅវិញ ទៅមកមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ទំនាក់ទំនងកាន់តែរឹងមាំនិងទូលំទូលាយ កំពុងត្រូវបាន បង្កើតឡើង តាមរយៈការធ្វើសមាហរណកម្មស្ថាប័ន ដែលបង្ហាញឱ្យឃើញនូវការរីកចម្រើនលើគំនិតផ្តួច ផ្តើមកិច្ចសហប្រតិបត្តិការដឹកជញ្ជូនសំខាន់ៗ។

លោក បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សកម្មភាព កម្មវិធី និង គម្រោងផ្សេងៗត្រូវបានអនុវត្តដោយជោគជ័យក្រោមក្របខ័ណ្ឌភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន (AJTP) ដោយផ្តោតជាសំខាន់លើសសរស្តម្ភសំខាន់ៗចំនួនបួនគឺ៖ កិច្ចសម្រួលការដឹកជញ្ជូន ហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ការដឹកជញ្ជូនប្រកបដោយនិរន្តរភាពនិងគុណភាព និងការអភិវឌ្ឍធនធាន មនុស្ស។

លោក បានថ្លែងថា «លើសពីនេះទៀត ប្រទេសជប៉ុនបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុង ព្រះសីហនុដែលគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាប្រមាណជាង៦០%។ ដើម្បីបង្កើនប្រសិទ្ធភាព វិស័យភស្តុភារកម្ម ជប៉ុនមិនត្រឹមតែផ្តល់ការគាំទ្រលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងផ្តល់ជំនួយដល់កម្ពុជាក្នុងការរៀបចំផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារ កម្ម គម្រោងប្រើប្រាស់ប្រព័ន្ធPort EDIនៅកំពង់ផែ និងការកសាងសមត្ថភាពផងដែរ»។

ថ្លែងក្នុងសុន្ទរកថាបិទ លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីទំនុកចិត្តលើការអនុវត្តដោយជោគជ័យ និងទាន់វេលានូវឯកសារដែលបានអនុម័ត ចំនួន២ រួមមាន ៖ ទី១-របាយការណ៍ស្តីពីគោលការណ៍ដំណោះ ស្រាយព័ត៌មានវិទ្យា(ICT)សម្រាប់ការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងទី២- គោលការណ៍ណែនាំអាស៊ាន-ជប៉ុនស្តីពីការធ្វើសវនកម្មវិញ្ញាបនកម្មសម្រាប់ ស្តង់ដារភស្តុភារកម្មខ្សែ សង្វាក់ត្រជាក់(Cold Chain Logistics) និងគំនិតផ្តួចផ្តើមថ្មីមួយស្តីពីការប្រើប្រាស់ទិន្នន័យធំ(Big Data)ដើម្បីធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានិងការប្តេជ្ញាចិត្តមុតមាំ៕

To Top