ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ជម្រះបណ្តឹង ជនជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងការបើកកន្លែង ម៉ាស្សា តែបង្កប់សេវាវ៉ៃសិច

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស សព្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្ត នៅក្នុងខេត្តកណ្ដាល កាលលពីអំឡុងឆ្នាំ ២០២០។

លោក យន់ ណារ៉ុង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ថៃ ម៉េងហួត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ។ ជនជាប់ចោទ សមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី ២៣ ខែ មីនា ឆ្នំា ២០២០ នៅត្រង់ក្នុងចំណុចហាងម៉ាស្សារបស់គាត់ ដែលមានទីតាំងស្ថិតផ្ទះលេខ ៧៣ នៅឃុំ វិហារសួរ ស្រុកវិហារ ៊សួគ៌ ខេត្តកណ្ដាល ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្ត កណ្ដាល កាលពីខែ កក្កដា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគា កំណត់ ៥ ឆ្នាំ តែគាត់ បានប្តឹងមកកាន់សាលាឧទ្ធរណ៍ ភ្នំពេញ ។

នាពេលសវនាការ ជនជាប់ចោទ ថៃ ម៉េងហួត បានឆ្លើយសារភាពថា គាត់ពិតជាបានប្រព្រឹត្តដូចការចោទប្រការមែន ។

គាត់បានសំណូមពរ តុលាការឧទ្ធរណ៍ មេត្តាបន្ធូរបន្ថាយទោសដល់គាត់ផង ដើម្បីឆាប់បាន វិលត្រឡប់ជួបជុំគ្រួសារគាត់វិញ។

សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹក ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១ ៕

ដោយ រស្មី អាកាស

To Top